ឱកាសការងារជាង ៥០០កន្លែង កំពុងបង្ហាញតម្រូវការកម្លាំងពលកម្ម នៅកម្មវិធីវេទិការការងារ

នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនធំៗចំនួន៧ សហការជាមួយទីភ្នាក់ងារ​ជាតិ​មុខរបរ និងការងារ (NEA) បាននាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួនជាង ៥០០កន្លែង សម្រាប់​យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក្នុងវេទិកាការងារ នៅបរិវេណ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនចំនួន៧ ដែលកំពុងដាក់តាំងបង្ហាញការងារក្នុងវេទិកាការងារនេះ រួមមានក្នុង​វិស័យ​កសិកម្ម , វិស័យធនាគារ និងហិរញ្ញវត្ថុ , វិស័យធានារ៉ាប់រង និងវិស័យសេវាកម្មជាដើម។

នៅក្នុងវេទិការការងារនេះ លោកស្រី ផូ សុភាព បុគ្គលិកធនធានមនុស្សរបស់ក្រុមហ៊ុន ហ្វ័រវើដ ខេម (Forward Cam) ក្នុងវិស័យកសិកម្ម បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា នេះជាលើកទី២ ដែល​សហការ​ជាមួយ NEA ក្នុងការផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្ម ដោយមើលឃើញ ពិតជា​ជួយ​ឱ្យក្រុមហ៊ុន​ទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយពីក្រុមហ៊ុន ដល់សាធារណ​ជន​ទូទៅ​ឱ្យបានស្គាល់ផងដែរ។ លោកស្រី បានអំពាវនាវផងដែរទៅកាន់យុវជន និងអ្នកស្វែងរកការងារ ដែលចង់បានការងារឆាប់រហ័ស សូមចូលរួមកម្មវិធីវេទិការការងារនេះ ដើម្បីជួបសម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុន។

ដោយឡែក មន្រ្តីផ្នែកជ្រើសរើសបុគ្គលិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ បានលើក​ឡើង​ថា ក្រោយការចូលរួមជាមួយ NEA ពិតជាទទួលបានបុគ្គលិកទាន់ពេលវេលា និងមានគុណភាព ទៅ​តាមអ្វីដែលខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវការ។ មន្រ្តីរូបនេះ បានបន្ថែមថា ជំរើស​ដ៏ប្រសើរ​ តាមរយៈវេទិការនេះ អ្នកចូលរួមស្វែងរកការងារអាចដាក់ប្រវត្តរូបសង្ខេប (CV) របស់​ពួកគាត់​តាម​ក្រុមហ៊ុន​ដែលស្រឡាញ់ពេញចិត្ត ព្រោះមាន​ក្រុមហ៊ុនជាច្រើន​បានកំពុង​បង្ហាញ​វត្តមាន​ក្នុង​វេទិកា​ការងារនេះ។

សូមបញ្ជាក់ថា វេទិកាការងារ គឺជាផ្នែកមួយ នៃយន្តការរបស់​រដ្ឋាភិបាលក្នុង​ការផ្ដល់​ឱកាស​ដល់​សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ដោយចំណេញពេលវេលា និង​នៅមួយកន្លែង៕ដោយ ឈិត បូរ៉ាវី