ភ្នំភ្លើងនៅប្រទេសអ៊ីស្លង់ បានផ្ទុះម្ដងទៀតជាលើកទីប្រាំចាប់តាំងពីខែធ្នូមក

ភ្នំភ្លើងមួយនៅភាគនិរតីនៃប្រទេសអ៊ីស្លង់ បានបញ្ជូនកម្អែលភ្នំភ្លើងដែលមានកម្ពស់ជាង ៥០ ម៉ែត្រទៅលើអាកាសកាលពីថ្ងៃពុធ (២៩ ឧសភា) ដែលជាការផ្ទុះលើកទី៥ ចាប់តាំងពីខែធ្នូ មក និងជាការផ្ទុះដ៏ខ្លាំងក្លាបំផុតចាប់តាំងពីប្រព័ន្ធភ្នំភ្លើងរបស់ប្រទេសនេះបានដំណើរការកាលពី ៣ ឆ្នាំមុន។
អាជ្ញាធរបានព្រមានពីហានិភ័យនៃសកម្មភាពភ្នំភ្លើងជាថ្មីនៅក្នុងតំបន់នៅភាគខាងត្បូងនៃរដ្ឋធានី រ៉ៃក្យាវីក (Reykjavik) ខណៈដែលការសិក្សាបានបង្ហាញថាកម្អែភ្នំភ្លើងបានប្រមូលផ្ដុំកកកុញនៅក្រោមដី។ ការផ្ទុះបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីការបញ្ចប់នៃការផ្ទុះរយៈពេលប្រាំបីសប្តាហ៍ ដែលបានកើតឡើងរវាងតំបន់ ហាហ្កាហ្វេល (Hagafell) និងតំបន់ ស្ត័រ៉ា ស្គូកហ្វេល (Stora-Skogfell) នៅលើឧបទ្វីប រ៉ៃក្យាណេស (Reykjanes) ដដែលនោះ។
ជើងហោះហើរបានបន្តដូចធម្មតានៅអាកាសយានដ្ឋាន ខេហ្វ្លាវីក (Keflavik) របស់រដ្ឋធានី នេះបើយោងតាមគេហទំព័រអាកាសយានដ្ឋាន។ បន្ទុះកាលពីថ្ងៃពុធនេះ គឺជាការផ្ទុះលើកទី៨ ចាប់តាំងពីឆ្នាំ២០២១ មក នៅលើឧបទ្វីបដែលមានប្រជាជនប្រហែល ៣០.០០០ នាក់ បន្ទាប់ពីប្រព័ន្ធភូគព្ភសាស្ត្រដែលបានស្ងប់ស្ងាត់អស់រយៈពេល ៨០០ ឆ្នាំ បានក្លាយទៅជាសកម្មម្តងទៀត។

ការផ្ទុះភ្នំភ្លើងនេះគូសបញ្ជាក់ពីបញ្ហាប្រឈមដែលប្រទេសកោះ មានប្រជាជនជិត ៤០០.០០០ នាក់នេះបានជួបប្រទះ ខណៈក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការផ្ទុះម្តងហើយម្តងទៀត គឺអាចកើតឡើងបាននៅឧបទ្វីប រ៉ៃក្យាណេស នេះរាប់ទសវត្សរ៍ ឬរាប់សតវត្សរ៍ទៅមុខទៀត៕