លោក Netanyahu រារាំងប្រធានាធិបតី អ៊ីស្រាអែល មិនឲ្យទៅចុះហត្ថលេខាលើធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានរារាំងប្រធានាធិបតីរបស់ខ្លួនគឺលោក Isaac Herzog មិនឲ្យទៅចុះហត្ថលេខាលើធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព អំឡុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងទីក្រុង Davos ប្រទេសស្វីស ។

បើតាមប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល Channel 12, សេតវិមានបានផ្ញើលិខិតអញ្ជើញថ្នាក់ដឹកនាំអ៊ីស្រាអែលរួមទាំងលោក Isaac, លោក Netanyahu ឬអ្នកតំណាងណាម្នាក់ដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាកាលពីចុងសប្ដាហ៍ ។

យ៉ាងណា លោក Netanyahu មិនអាចធ្វើដំណើរទៅកាន់ទីក្រុង Davos ដើម្បីចូលរួមក្នុងពិធីនេះនោះទេ ដោយសារតែដីកាចាប់ខ្លួនរបស់តុលារឧក្រិដ្ឋកម្មអន្តរជាតិពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្គ្រាម នៅតំបន់ហ្គាហ្សាស្ទ្រីប ។

បញ្ហានេះក៏នាំឲ្យលោក Netanyahu រារាំងលោក Isaac មិនឲ្យហោះទៅប្រទេសស្វីសផងដែរ ក្រោមហេតុផលស្រដៀងគ្នានេះ ។

ស្ថានភាពនេះបានបង្កើតភាពតានតឹងរវាងការិយាល័យនាយករដ្ឋមន្ត្រី និងប្រធានាធិបតី ក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជា រវាងការិយាល័យរបស់លោក Netanyahu និងសេតវិមានផងដែរ ។

ក្រុមប្រឹក្សាសន្តិភាព គឺជាអង្គការអន្តរជាតិដែលបង្កើតឡើងក្នុងគោលបំណងបញ្ចប់សង្គ្រាម ឬជម្លោះ, រក្សាស្ថិរភាព និងសុខសន្តិភាពយូរអង្វែងនៅលើពិភពលោក ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនបានអញ្ជើញប្រទេសប្រមាណ ៦០ ឲ្យចូលរួមក្នុងប្រឹក្សាក្រុមប្រឹក្សាសន្តិភាព ក្នុងនោះរួមមានទាំងមហាអំណាចដូចជា ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ និងឥណ្ឌាជាដើម ។

គិតត្រឹមពេលនេះ តំណាងប្រទេសចំនួន ១៩ បានចុះហត្ថលេខា លើធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយលោក Trump ៕

ប្រភពពី Tass