ប៉ារីស ៖ ទីបំផុត រដ្ឋសភាជាតិបារាំង នៅថ្ងៃចន្ទ បានអនុម័តច្បាប់ហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ មិនឱ្យលេងបណ្តាញសង្គមតទៅទៀត ក្រោមហេតុផល ព្រួយបារម្ភពីផលប៉ះពាល់ការអភិវឌ្ឍរបស់កុមារ ជាពិសេសហានិភ័យសុខភាពផ្លូវចិត្ត ។
សមាជិកសភាបារាំងបានបោះឆ្នោតក្នុងសំលេងគាំទ្រ ១១៦ ទល់នឹងសំលេងប្រឆាំង ២៣ ។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនទៅព្រឹទ្ធសភា មុនការបោះឆ្នោតចុងក្រោយនៅសភាជាន់ទាប ។
ជាមួយគ្នានេះ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និយាយថា ការហាមឃាត់នេះ គឺជាជំហានដ៏សំខាន់ ដើម្បីការពារកុមារ និងយុវជនបារាំង ពីការចំណាយពេលខ្ជះខ្ជាយលើកញ្ចក់ទូរស័ព្ទ ។
មេដឹកនាំបារាំងរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម X ថា ខួរក្បាលកុមាររបស់យើងមិនមែនសម្រាប់លក់ទេ ហើយក៏មិនមែនសម្រាប់បម្រើដល់បណ្តាញសង្គមសហរដ្ឋអាមេរិក ឬក៏ចិននោះដែរ ។
គួរបញ្ជាក់ថា បម្រាមរបស់បារាំង នឹងតម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមនានារារាំងការចូលប្រើប្រាប់របស់ក្មេងជំទង់មានអាយុក្រោម ១៥ឆ្នាំ តាមរយៈយន្តការផ្ទៀងផ្ទាត់អាយុ ដែលអនុលោមតាមច្បាប់សហភាពអឺរ៉ុប ។
ក្រៅពីបារាំង ដាណឺម៉ាក ក្រិក អេស្ប៉ាញ និងអៀរឡង់ ក៏កំពុងពិចារណាអនុវត្តបម្រាមដូចគ្នានេះផងដែរ ដោយយកគំរូតាមប្រទេសអូស្រ្តាលី ខណៈដែលចក្រភពអង់គ្លេសក៏ចាប់ផ្តើមការពិគ្រោះយោបល់ ជុំវិញការហាមឃាត់យុវវ័យមានអាយុក្រោម ១៦ឆ្នាំ ពីការប្រើបណ្តាញសង្គម ៕
ប្រភព ៖ AFP

Leave a Reply