ក្រុមហាម៉ាសតែងតាំងមេក្លោងការវាយប្រហារថ្ងៃទី៧តុលាលោកSinwarជាមេដឹកនាំបន្ទាប់ពីការធ្វើឃាតលោកHaniyeh

ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃទី ៦ ខែសីហា ថា ក្រុមនេះ បានតែងតាំងមេដឹកនាំដែនដីហ្កាហ្សារបស់ខ្លួន គឺលោក Yahya Sinwar ជាអ្នកស្នងតំណែងពីអតីតប្រធាននយោបាយលោកIsmail Haniyeh ដែលត្រូវបានធ្វើឃាតនៅទីក្រុង តេអេរ៉ង់កាលពីសប្តាហ៍មុន ក្នុងសកម្មភាពមួយដែលនឹងពង្រឹងកម្លាំងឡើងវិញចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែល។

លោក Sinwar ដែលជាស្ថាបត្យករនៃការវាយប្រហារដ៏សាហាវបំផុតលើអ៊ីស្រាអែលក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ បានលាក់ខ្លួននៅក្នុងដែនដីហ្កាហ្សា ដែលអ៊ីស្រាអែលតាមសម្លាប់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។

ចលនានេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “ចលនាតស៊ូអ៊ីស្លាមហាម៉ាស ប្រកាសពីការជ្រើសរើសមេបញ្ជាការ Yahya Sinwar ជាប្រធានការិយាល័យនយោបាយនៃចលនានេះ បន្តពីមេបញ្ជាការទុក្ករបុគ្គល លោក Ismail Haniyeh ហើយសូមព្រះអាឡាប្រទានពរដល់រូបលោក” ។

ដំណឹងនៃការតែងតាំងនេះត្រូវបានស្វាគមន៍ដោយគ្រាប់រ៉ូកែតពីតំបន់ហ្កាហ្សាពីក្រុមសកម្មប្រយុទ្ធដែលនៅតែប្រយុទ្ធជាមួយទាហានអ៊ីស្រាអែលក្នុងតំបន់ត្រូវបានឡោមព័ទ្ធមួយនេះ។

លោក Sinwar ដែលបានចំណាយពេលពាក់កណ្តាលជីវិតពេញវ័យរបស់លោកនៅក្នុងពន្ធនាគារអ៊ីស្រាអែល គឺជាមេដឹកនាំក្រុមហាម៉ាសដ៏មានឥទ្ធិពលបំផុតដែលនៅរស់រានមានជីវិតបន្ទាប់ពីការធ្វើឃាត លោក Haniyeh ដែលបានធ្វើឲ្យតំបន់នេះស្ថិតនៅមាត់ជ្រោះនៃជម្លោះក្នុងតំបន់កាន់តែរីកធំ បន្ទាប់ពីអ៊ីរ៉ង់បានប្តេជ្ញាសងសឹកយ៉ាងចាស់ដៃ៕