ភ្នំពេញ៖ ក្រសួងព័ត៌មាន បានប្រកាសដាក់ឱ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជាលេីកដំបូង នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។
ក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃដដែលនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលេីកឡេីងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា បង្កើតឡេីងដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកតម្លៃអ្នកសារព័ត៌មាន និងការពារសិទ្ធិអ្នកសារព័ត៌មាន។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កកើតឡើងដោយឈរលើធាតុចូលពីអ្នកសារព័ត៌មាន សមាគមសារព័ត៌មាន និងការផ្តល់មតិយោបល់ពីអង្គការជាតិ និងអង្គការអន្តរជាតិ ផងដែរ។
លោក នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា” បង្កើតឡើងតាមការស្នើរបស់អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន និងបានឆ្លងកាត់ការប្រឹក្សាយោបល់ពីអង្គការជាតិ និងអន្តរជាតិ ផងដែរ។ អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការជាតិ និងអន្តរជាតិ ជាធាតុចូលយ៉ាងសំខាន់ក្នុងការបង្កើត ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា»។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា បង្កើតឡើងក្នុ្ងងគោលបំណងរក្សាសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកតម្លៃអ្នកសារព័ត៌មាន និងការពារសិទ្ធិអ្នកសារព័ត៌មាន។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា មិនត្រឹមតែការពារ និងស្តារសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានប៉ុណ្ណោះទេ តែវាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃក្របសីលធម៌វិជ្ជាជីវៈ ហេីយបង្កើតឡើងស្របពេលដែលវិស័យសារព័ត៌មាន និងសោតទស្សន៍មានការអភិវឌ្ឍយ៉ាងរហ័សជាមួយការកើនឡើងនូវបច្ចេកវិទ្យាព័ត៌មាន ពិសេស ការផ្លាស់ប្តូរនូវទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះមានទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ (ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្ដី និងរោងពុម្ព) និងទំនើប (ហ្វេសប៊ុក តិកតុក…)។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយបុរាណ និងទំនើបដែលក្រសួងបានផ្តល់អាជ្ញាបណ្ណឱ្យប្រតិបត្តិការនៅក្នុងប្រទេសមានចំនួនប្រមាណ ២.០០០ស្ថាប័ន ក្នុងនោះអង្គភាពគេហ ទំព័រ និងTV Online មានជាង ១.០០០អង្គភាព ចំណែកអង្គភាពបោះពុម្ពចាប់ពីទសវត្សរ៍៩០ ដែលមានដូចជា កាសែត និងទស្សនាវដ្ដីមានចំនួនជាង ៥០០អង្គភាព រីឯវិទ្យុមានចំនួន ២៨៣វិទ្យុFM។
លោក នេត្រា ភក្ត្រា បានសង្កត់ធ្ងន់ថា មកទល់ពេលនេះមានប្រព័ន្ធផ្សព្វផ្សាយ Online មួយចំនួននៅមិនទាន់បានចុះបញ្ជីត្រឹមត្រូវនៅឡើយទេ៕
អត្ថបទ៖ សុភៈនារី
Leave a Reply