ជប៉ុន ព្រមព្រៀងជួយអ៊ុយក្រែន ប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសជប៉ុន លោក ខយហ្ស៊ូមិ រីយូជិ(Koizumi Ryuji) បានព្រមព្រៀងជួយប្រទេសអ៊ុយក្រែន ក្នុងការដោះស្រាយអំពើពុករលួយ។ វាជាបញ្ហាបន្ទាន់មួយដែលត្រូវដោះស្រាយដើម្បីឲ្យអ៊ុយក្រែនទទួលបានការគាំទ្របន្ថែមទៀតពីសហគមន៍អន្តរជាតិ។

លោក Koizumi កាលពីថ្ងៃចន្ទ បានជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសអ៊ុយក្រែន លោក Denys Maliuska និងអគ្គរដ្ឋអាជ្ញា លោក Andriy Kostin ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ រដ្ឋធានីប្រទេសអ៊ុយក្រែន។

ការរីករាលដាលនៃអំពើពុករលួយក្នុងចំណោមមន្ត្រីរដ្ឋាភិបាល គឺជាឧបសគ្គសម្រាប់អ៊ុយក្រែន ក្នុងការទទួលបានការគាំទ្រពីអន្តរជាតិកាន់តែខ្លាំងក្នុងការប្រយុទ្ធប្រឆាំងរុស្ស៊ី។

ក្នុងអំឡុងកិច្ចពិភាក្សា លោក Koizumi និងលោក Maliuska បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលបុគ្គលិកនៅទីភ្នាក់ងារស៊ើបអង្កេត ព្រមទាំងការបង្កើតច្បាប់ផងដែរ។

មន្ត្រីប្រទេសជប៉ុន និយាយថា ពួកគេមានបទពិសោធន៍ធ្លាប់ផ្តល់ជំនួយស្រដៀងគ្នានេះនៅអាស៊ី។ លោក Maliuska បានអរគុណដល់ប្រទេសជប៉ុន សម្រាប់ការផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច ផ្នែកការទូត និងផ្នែកច្បាប់ ដោយនិយាយថា ប្រទេសនេះគឺជាដៃគូដ៏សំខាន់សម្រាប់អ៊ុយក្រែន។

លោក Koizumi និយាយថាលោកបានដឹងពីការពិភាក្សារបស់លោកជាមួយមន្ត្រីអ៊ុយក្រែនថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជាបញ្ហាប្រឈមដ៏សំខាន់បំផុតសម្រាប់អ៊ុយក្រែន ហើយប្រទេសជប៉ុន បានត្រៀមខ្លួនជាស្រេចក្នុងការជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកំណែទម្រង់ច្បាប់របស់ប្រទេសអ៊ុយក្រែន។

ការស្តារឡើងវិញរបស់ប្រទេសនេះ ពឹងផ្អែកលើការចែកចាយមូលនិធិកសាងឡើងវិញដោយសមភាព និងតម្លាភាព ពីសហគមន៍អន្តរជាតិ។