រដ្ឋមន្ត្រីព័ត៌មាន៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា​ បង្កើតឡើងដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកតម្លៃអ្នកសារព័ត៌មាន និងការពារសិទ្ធិអ្នកសារព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានប្រកាសដាក់ឱ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជាលេីកដំបូង​ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។
ក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃដដែលនេះ​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានលេីកឡេីងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា បង្កើតឡេីងដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកតម្លៃអ្នកសារព័ត៌មាន និងការពារសិទ្ធិអ្នកសារព័ត៌មាន។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន​ កកើតឡើងដោយឈរលើធាតុចូលពីអ្នកសារព័ត៌មាន សមាគមសារព័ត៌មាន និងការផ្តល់មតិយោបល់ពីអង្គការជាតិ និងអង្គការអន្តរជាតិ​ ផងដែរ។
លោក នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា​”​ បង្កើតឡើងតាមការស្នើរបស់អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន និងបានឆ្លងកាត់ការប្រឹក្សាយោបល់ពីអង្គការជាតិ និងអន្តរជាតិ​ ផងដែរ។ អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការជាតិ និងអន្តរជាតិ ជាធាតុចូលយ៉ាងសំខាន់ក្នុងការបង្កើត ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា»។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា​ បង្កើតឡើងក្នុ្ងងគោលបំណងរក្សាសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកតម្លៃអ្នកសារព័ត៌មាន និងការពារសិទ្ធិអ្នកសារព័ត៌មាន។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា​ មិនត្រឹមតែការពារ​ និងស្តារសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានប៉ុណ្ណោះទេ តែវាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃក្របសីលធម៌វិជ្ជាជីវៈ​ ហេីយបង្កើតឡើងស្របពេលដែលវិស័យសារព័ត៌មាន និងសោតទស្សន៍មានការអភិវឌ្ឍយ៉ាងរហ័សជាមួយការកើនឡើងនូវបច្ចេកវិទ្យាព័ត៌មាន ពិសេស​ ការផ្លាស់ប្តូរនូវទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះមានទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ (ទូរទស្សន៍ វិទ្យុ​ កាសែត ទស្សនាវដ្ដី និងរោងពុម្ព) និងទំនើប (ហ្វេសប៊ុក តិកតុក…)។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយបុរាណ និងទំនើបដែលក្រសួងបានផ្តល់អាជ្ញាបណ្ណឱ្យប្រតិបត្តិការនៅក្នុងប្រទេសមានចំនួនប្រមាណ​ ២.០០០ស្ថាប័ន ក្នុងនោះអង្គភាពគេហ ទំព័រ និងTV Online មានជាង​ ១.០០០អង្គភាព ចំណែកអង្គភាពបោះពុម្ពចាប់ពីទសវត្សរ៍៩០ ដែលមានដូចជា កាសែត និងទស្សនាវដ្ដីមានចំនួនជាង​ ៥០០អង្គភាព រីឯវិទ្យុមានចំនួន​ ២៨៣វិទ្យុFM។
លោក នេត្រា ភក្ត្រា បានសង្កត់ធ្ងន់ថា មកទល់ពេលនេះមានប្រព័ន្ធផ្សព្វផ្សាយ​ Online​ មួយចំនួននៅមិនទាន់បានចុះបញ្ជីត្រឹមត្រូវនៅឡើយទេ៕
អត្ថបទ៖ សុភៈនារី