អ៊ីស្រាអែល ប្តេជ្ញាកម្ចាត់មេដឹកនាំថ្មីរបស់ក្រុមហាម៉ាស ខណៈសង្រ្គាមឈានចូលដល់ខែទី១១

អ៊ីស្រាអែល បានប្តេជ្ញាថានឹងលុបបំបាត់ប្រធានថ្មីរបស់ក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) មេខ្លោងនៃការវាយប្រហារថ្ងៃទី០៧ តុលា ដែលការតែងតាំងរបស់លោកបានបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងក្នុងតំបន់ ខណៈសង្រ្គាមនៅតំបន់ហ្កាហ្សា បានឈានចូលដល់ខែទី១១ របស់ខ្លួនកាលពីថ្ងៃពុធ (០៧ សីហា)។

ការដាក់ឈ្មោះលោក Sinwar ជាអ្នកដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានកើតឡើងនៅពេលដែលអ៊ីស្រាអែល បានត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃការសងសឹករបស់អ៊ីរ៉ង់ លើការសម្លាប់អតីតប្រមុខក្រុមហាម៉ាស គឺលោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) កាលពីសប្តាហ៍មុននៅទីក្រុងតេអេរ៉ង់។

ថ្លែងនៅឯមូលដ្ឋានយោធាមួយកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រាប់ទាហានដែលទើបត្រូវជ្រើសរើសថ្មីថា អ៊ីស្រាអែល «បានប្តេជ្ញាចិត្ត» ដើម្បីការពារខ្លួន ហើយបានត្រៀមទាំងការការពារ និងការវាយលុក»។ ឧត្តមសេនីយឯក ហើហ្ស៊ី ហាលេវី (Herzi Halevi) ប្រមុខកងទ័ពអ៊ីស្រាអែល បានប្តេជ្ញាថានឹង «តាមរកលោក Sinwar ហើយវាយប្រហារលើមេដឹកនាំថ្មីរូបនោះ» និងបង្ខំក្រុមហាម៉ាស ឱ្យស្វែងរកមេដឹកនាំផ្សេងទៀត។

លោក Sinwar មេដឹកនាំក្រុមហាម៉ាសនៅដែនដីហ្កាហ្សាចាប់តាំងពីឆ្នាំ២០១៧មក មិនត្រូវបានគេឃើញមុខទេចាប់តាំងពីការវាយប្រហារថ្ងៃទី០៧ ខែតុលា ដែលជាការសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានប្រាប់សារព័ត៌មាន AFP ថាការជ្រើសរើសលោក Sinwar ជាមេដឹកនាំថ្មីបានផ្ញើសារទៅកាន់អ៊ីស្រាអែលថាអង្គការនេះនៅតែ «បន្តផ្លូវនៃការតស៊ូរបស់ខ្លួន»៕