ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច និងសហជីពនៅកម្ពុជា លើកឡើងថាការចុះអនុស្សរណៈ នៃ​ការ​យោគ​យល់​គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនិងធនាគារទាំង៨ ដែលផ្តល់​ឥណ​ទាន​មានអត្រាការប្រាក់ទាបត្រឹមតែ៨,៥ភាគរយក្នុង១ឆ្នាំ គឺ​ជា​ការ​គិត​គូ​ថ្មី​បន្ថែម​មិន​ធ្លាប់​មាន​។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជាថ្លែងថា ការចុះអនុស្សរណៈនេះ គឺជាការអន្តរាគមន៍​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​រួម​ចំណែកផ្តល់ឥណទាន ដែលមានការប្រាក់ទាបត្រឹមតែ៨,៥ភាគរយក្នុង១ឆ្នាំ ខណៈ​បណ្តា​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុផ្តល់ឥណទាន ដែលមានអត្រាការ​ប្រាក់​ខ្ពស់​រហូត​ដល់​១៨​ភាគ​រយក្នុ​ង​១​ឆ្នាំ​ឯណុះ​។ លោក​បណ្ឌិតបញ្ជាក់ថា ការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ ៨,៥ភាគរយក្នុងមួយឆ្នាំនេះ ប្រជា​ពលរដ្ឋទទួលបានការបន្ទាបអត្រាការប្រាក់រហូតដល់ជាងពាក់កណ្តាល គឺទាប​ជាង​៩​ភាគរយ ហើយទាបជាងអត្រាការប្រាក់ធម្មតាដែលពួកគាត់ធ្លាប់ខ្ចី។ មិនតែ​ប៉ុណ្ណោះ​អត្រា​ការ​ប្រាក់​នេះ​បើ​ធៀប និងកម្ចីក្រៅផ្លូវការគឺកាន់តែទាបជាងថែមទៀត ហេតុនេះការចុះ MOU នេះគឺ​ជា​ការ​រួម​ចំណែក​ជួយដល់ពលករក្នុងការកាត់បន្ថយថ្លៃដើមហិរញ្ញវត្ថុ ហើយមាន​លទ្ធភាព​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ ផងដែរ។ លោកថ្លែងថា៖ «ការកាត់បន្ថយនេះគឺជាយន្តការមួយរួមចំណែក នៅក្នុងការកាត់បន្ថយ​ចំណាយ​របស់​គ្រួសារ ពលករ ហើយ និងរួមចំណែកឱ្យពលករនៅសល់ប្រាក់ ដែលអាចយក​ទៅ​ចាយ​វាយ​បាន​ក្រោយ​ពេលទូទាត់ថ្លៃការប្រាក់រួច។ ដូចច្នេះពលករ យើងអាចមានលទ្ធភាព​រស់​នៅ​មាន​ភាព​ប្រសើ​ជាង​មុនខណៈអត្រាការប្រាក់ថយចុះរហូតដល់ជាងពាក់កណ្តាល»។ ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា យល់ឃើញថា ការចុះ​អនុស្ស​រណៈ​នេះ​មាន​ប្រយោជន៍ក្នុងការជួយដោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសពលករ ឈប់​បារម្ភ​រឿង​បំណុល ដែលមានអត្រាការប្រាក់ខ្ពស់ មានឱកាសសន្សំលុយ ធ្វើឱ្យសេដ្ឋកិច្ច​គ្រួសារ​កាន់​តែ​រីក​ចម្រើន​ប្រសើរជាងមុន។ លោកថ្លែងថា៖«ពលករយើងលែងបាម្ភទៅលើបំណុលការប្រាក់ ដែលគាត់ធ្លាប់​ជួប​ប្រទះ​ក្នុង​ពេល​កន្លង​មក ហើយការបារម្ភរបស់គាត់នេះត្រូវបានរាជរដ្ឋាភិបាលជាពិសេសក្រសួងការងារ យក​ចិត្ត​ទុក​ដាក់​ដោះស្រាយក្តីបារម្ភរបស់គាត់ ហើយនេះជាក្តីសុបិនមួយរបស់ពួកគាត់បានក្លាយជាការពិត មាន​​ឱកាសទៅធ្វើការនៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ ហើយ​មាន​ឱកាស​ទទួល​បាន​នូវ​ឥណទាន​ដែល​មានអត្រាការប្រាក់ទាប»។ ក្នុងនាមសហជីព​លោក សំ សឿន បានសម្តែងក្តីត្រេកអរ និងគាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះ​ការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តាធនាគារ ដែលបានផ្តល់ឱកាស​ដល់​ពលករ​ក្នុងការទទួលបានឥណទានដែលមានអត្រាការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង​១​ឆ្នាំ​។​ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែសីហានេះ ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ បានធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕