ស្រ្តីទីមួយកម្ពុជា ផ្ដល់អនុសាសន៍ដល់ប្រតិភូយុវជនមុនទៅចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ីនៅជប៉ុន

លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១កម្ពុជា និងក្នុង​នាម​ជា​អគ្គ​ស្នង​ការ​សមាគម​កាយប្ញទ្ធីនារីកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូយុវជនវ័យក្មេងចំនួន ៨ រូប ចូលជួប​សម្ដែង​ការ​គួរ​សម និងសំណេះសំណាល មុននឹងចេញ​ដំណើរ​ទៅ​ចូលរួម​កម្ម​វិធី​អ្នក​ដឹកនាំ​យុវជន​អាស៊ី​វ័យ​ក្មេង​​នៅឯប្រទេសជប៉ុននាប៉ុន្មានថ្ងៃខាងមុខនេះ ដែលជំនួបខាងលើធ្វើឡើងនាព្រឹកថ្ងៃទី ៩ ខែ​សីហា ឆ្នាំ ២០២៤ នៅសណ្ឋាគារហៃយ៉ាត់​រីជេនស៊ីភ្នំពេញ។​

ប្រតិភូយុវជនវ័យក្មេងកម្ពុជាទាំង៨រូប ចូលជួបសម្ដែងការគួរសមជាមួយ លោក​ជំទាវ​បណ្ឌិត​ដែល​ជា​ថ្នាក់​ដឹកនាំគំរូរបស់កម្ពុជានាពេលនេះ ត្រូវបានដឹកនាំដោយលោកជំទាវ ស្រូយ សុជាតិ​ អគ្គនាយក​នៃអគ្គនាយកដ្ឋានយុវជន​ នៃក្រសួងអប់រំយុវជន និងកីឡា ព្រមទាំង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់អាណាព្យាបាលយុវជនទាំង៨រូប​ ព្រមទាំង​ថ្នាក់ដឹកនាំ និងសមាជិក​នៃ​សមាគម​កាយ​ប្ញទ្ធិ​នារី​កម្ពុជា និងគណៈកម្មាការអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផង​ដែរ។

នៅក្នុងឱកាសដ៏ប្រសើរនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន​មាន​ប្រសាសន៍​ចូល​រួម​អបអរសាទរដល់ប្រតិភូយុវជនទាំង៨រូប ពេញដោយសមត្ថភាព មានឱកាស​ចូលរួម​នៅ​ក្នុង​កម្ម​វិធីអ្នកដឹកនាំយុវជនអាស៊ី ឆ្នាំ ២០២៤​ នៅឯប្រទេសជប៉ុន។ លោកជំទាវ​បណ្ឌិត​បាន​មាន​ប្រសាសន៍​បន្តថា យុវជនគឺជាសរសេរទ្រូងរបស់ប្រទេសជាតិ ហើយជាកម្លាំង​បន្ត​វេន​ដ៏​សំខាន់​ក្នុង​ប្រទេស​នា​ថ្ងៃ​អនាគតដែលស្ដែងឡើងតាមរយៈសមត្ថភាព និងភាពច្នៃប្រឌិតរបស់ប្អូនៗយុវជន។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បានលើកឡើងពីគំរូរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃកម្ពុជា ដែលជាអ្នកបន្តវេនដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ និង​ថែ​រក្សា​សន្តិភាព​ជូន​ប្រជា​ជាតិ​កម្ពុជា បន្តពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។

ជាមួយគ្នានេះដែរ លោកជំទាវក៏មិនភ្លេចរំលេច​ពី​យុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី៧ នៃរដ្ឋសភា ដែលមុំសំខាន់នៃយុទ្ធសាស្រ្តគឺការភិវឌ្ឍន៍មូលធនមនុស្ស តាម​រយៈ​ការ​កសាង និងពង្រឹងសមត្ថភាពយុវជន ដើម្បីជាកម្លាំងចលករក្នុងការអភិវឌ្ឍសង្គមជាតិ។ លោក​ជំទាវបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការចូលរួមរបស់ប្អូនៗទាំង ៨រូប នា​ពេល​នេះ គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល លោកជំទាវបានផ្ដាំផ្ញើដល់ប្អូនៗយុវជន ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌ល្អ គោរពវិន័យ ពង្រឹងសាមគ្គីភាពក្រុម បញ្ចេញទាំងសមត្ថភាព និង​ត្រូវ​រៀន​សូត្រ​ពី​គេ​ឱ្យ​បានច្រើន​ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្តនៅប្រទេសខ្លួនវិញ ។ បន្ថែម​ពីនេះ លោកជំទាវ​បណ្ឌិត​ក៏​បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍ល្អៗ​នៃ​ភាពជាអ្នក​ដឹក​នាំ​ដល់​ប្អូន​ៗ យុវជន ព្រមទាំងបានណែនាំដល់ប្អូនៗ ត្រូវសិក្សាឈ្វេង​យល់​ពី​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន ដើម្បីជាទុកទុនចំណេះដឹងដ៏សំខាន់ចូលរួមនៅក្នុងការបញ្ចេញមតិយោបល់ និង​ត្រូវ​ចាប់​យកឱកាសចែករំលែកបទពិសោធន៍​​ បង្កើតទំនាក់ទំនង និងជាពិសេសត្រូវលើកយកវប្បធម៌​ និ​ង​អត្តសញ្ញាណជាតិទៅបង្ហាញនៅដល់ប្រទេសដទៃបានស្គាល់។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បានមានប្រសាសន៍ថា ប្រតិភូ​យុវជន​ ទាំង៨រូប នឹងត្រូវចេញ​ទៅ​ចូល​រួម​កម្ម​វិធី​អ្នក​ដឹក​នាំ​យុវជន​អាស៊ី​វ័យ​ក្មេង​នៅឯប្រទេស​ជប៉ុន​ នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ ឆាប់ៗខាងមុខ។ ជាមួយ​គ្នា​នេះ​លោក​ជំទាវ​បាន​ថ្លែង​អំណរ​គុណ​ដល់លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ដែលឆ្លៀតពេលវេលាដ៏មាមាញឹក និងផ្ដល់​អាទិភា​ព​ដល់ប្រតិភូយុវជនបានជួបសម្ដែងការគួរសម និងស្ដាប់នូវអនុសាសន៍ល្អ ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​គំរូ និងជាស្រ្តីទី១របស់ប្រទេសកម្ពុជា។

ក្នុងជំនួបដ៏កម្រនេះ ប្រតិភូយុវជនវ័យក្មេងទាំង៨រូប ក៏បាន​ថ្លែង​អំណរ​គុណដ​ល់​លោក​ជំទាវ​បណ្ឌិត​ដែល​អនុញ្ញាតឱ្យចូលជួប និងផ្ដល់អនុសាសន៍ល្អៗ ដែលជាទុនគំនិតដ៏សំខាន់​ក្នុង​ការ​ត្រៀម​ខ្លួន​ចេញទៅបង្ហាញសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ជាមួយបណ្ដា​យុវជន​មក​ពី​ប្រទេ​ស​ចំនួ​ន​៨ ​ទៀតនៅតំបន់អាស៊ី។ ជាមួយគ្នានេះ ប្អូនៗយុវជន​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការបង្ហាញ​សមត្ថភាព​លើ​ឆាកអន្តរជាតិ ​និងត្រៀមបង្ហាញពីវប្បធម៌​ ប្រពៃណី និងអត្តសញ្ញាណជាតិ ព្រម​ទាំង​បង្ហាញ​ពីវឌ្ឍនភាពជាតិ ដែលរីកចម្រើនលើគ្រប់​វិស័យ​តាម​រយៈ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

សូមជម្រាបជូនថា ប្រតិភូយុវជន ៨ រូប ក្នុងនោះមាន យុវតី ៥ រូប និងយុវជន ៣ រូប ដែល​នឹង​ទៅ​ចូល​រួម​កម្មវិធីអ្នកដឹកនាំយុវជនអាស៊ីវ័យក្មេង នៅប្រទេសជប៉ុន មកពី៖ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ​ ១រូប, វិទ្យាល័យហ៊ុន សែន ស្អាង ១ រូប, វិទ្យាល័យ ហ៊ុន សែន កងតាណឹង ១រូប, សាលា​ប៊ែលធីអន្តរជាតិ ១ រូប, សាលាមីគីវ៉េ ១ រូប, សាលាអន្តរជាតិអ៊ីសវ៉េស ១ រូប និងមកពី CCF ចំនួន២រូប ដែលជាសមាជិកានៃសមាគមកាយប្ញទ្ធិនារីផងដែរ។

ក្នុងនាមជាស្រ្តីទីមួយនៃកម្ពុជា និងជាអគ្គស្នងហការសមាគមកាយប្ញទ្ធិនារីកម្ពុជា លោកជំទាវ​បាន​កោត​សរសើរ​ដល់ក្រសួងអប់រំយុវជន និងកីឡា ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានដើរ​តួនាទី​យ៉ាង​សំខាន់ក្នុងកបេសកកម្មអភិវឌ្ឍន៍សមត្ថភាពយុវជន ព្រមទាំងបាន​ស្វែង​រក​ឱកាស​ល្អៗ ឱ្យយុវជនយើងអាចបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិ។ លោកជំទាវ​សង្ឃឹម​ថា​ពេល​ក្រោយ​កម្ពុជា​អាចធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីអ្នកដឹកនាំយុវជនអាស៊ីវ័យក្មេង ដើម្បីឱ្យកម្ពុជាមាន​ឱកាស​បង្ហាញ​ពីសក្ដានុពលយុវជនឱ្យកាន់តែច្រើនថែមទៀត៕ អត្ថបទដោយ៖ កញ្ញា ចេន​ សុភានាថ


Comments

Leave a Reply

Your email address will not be published. Required fields are marked *