លោកស្រី Sheikh Hasina នឹងវិលត្រឡប់ទៅបង់ក្លាដែសវិញសម្រាប់ការបោះឆ្នោត

កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina)បាននិយាយថា លោកស្រីនឹងវិលត្រលប់ទៅប្រទេសបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលចាំផ្ទះថ្មីរបស់ខ្លួនសម្រេចចិត្តរៀបចំការបោះឆ្នោត។

លោកស្រី Hasina បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ឥណ្ឌា កាលពីថ្ងៃចន្ទ (០៥ សីហា) បន្ទាប់ពីការតវ៉ាដ៏បង្ហូរឈាមជាច្រើនសប្តាហ៍ដែលសម្លាប់មនុស្សរាប់រយនាក់ និងរាប់ពាន់នាក់រងរបួស បានបង្ខំឱ្យលោកស្រីលាលែងពីតំណែង។

រដ្ឋាភិបាលចាំផ្ទះដែលដឹកនាំដោយម្ចាស់ជ័យលាភីណូបែលសន្តិភាព លោក ម៉ូហាម៉ាដ យូនុស (Muhammad Yunus) បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងត្រូវទទួលភារកិច្ចរៀបចំការបោះឆ្នោត។ គណបក្ស អាវ៉ាមី លីគ (Awami League) របស់លោកស្រី Hasina មិនមានវត្តមាននៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្ននេះទេ។

ថ្លែងទៅកាន់សារព័ត៌មានឥណ្ឌា (Times of India) កូនប្រុសរបស់លោកស្រី ឈ្មោះលោក សាជីប វ៉ាហ្សេដ ចយ (Sajeeb Wazed Joy) ដែលកំពុងនៅសហរដ្ឋអាមេរិក បាននិយាយថា «សម្រាប់ពេលនេះ លោកស្រី Hasina បន្តស្ថិតនៅឥណ្ឌា ហើយនឹងត្រឡប់ទៅបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលបណ្តោះអាសន្នសម្រេចចិត្តរៀបចំការបោះឆ្នោត”។

អតីនាយករដ្ឋមន្រ្តីបង់ក្លាដែសរូបនេះកំពុងជ្រកកោនក្នុងផ្ទះសុវត្ថិភាពក្នុងតំបន់ញូវដេលី។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា លោកស្រីមានគម្រោងស្វែងរកសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេស ប៉ុន្តែការិយាល័យការបរទេសរបស់អង់គ្លេស បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបាននិយាយជាមួយសមភាគីអង់គ្លេស ពីបញ្ហាបង់ក្លាដែស ប៉ុន្តែក៏មិនបានចែករំលែកព័ត៌មានលម្អិតណាមួយដែរ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *