អ្នកកាន់សាសនាស៊ីកមួយចំនួន បារម្ភថា រដ្ឋាភិបាលលោក Modi គំរាមកំហែងពួកគេនៅអាមេរិក និងកាណាដា

ខណៈជាគ្រូពេទ្យឯកទេសផ្នែកសារធាតុញៀន វេជ្ជបណ្ឌិត លោកស្រី Jasmeet Bains ពលរដ្ឋអាមេរិក សាសនាស៊ីកដំបូងគេ ដែលត្រូវបានជាប់ឆ្នោតក្នុងសភារដ្ឋកាលីហ្វ័រនីញ៉ា បានស៊ាំទៅនឹងស្ថានភាពដ៏មានហានិភ័យ។

ទោះជាយ៉ាងណា លោកស្រី Bains បាននិយាយថា លោកស្រីមានការភ្ញាក់ផ្អើល នៅពេលដែលបុរសបួននាក់ បានមកការិយាល័យរបស់លោកស្រី កាលពីខែសីហាឆ្នាំមុន ភ្លាមៗបន្ទាប់ពីរដ្ឋកាលីហ្វ័រនីញ៉ា បានអនុម័តសេចក្តីសម្រេចរបស់លោកស្រី ដែលប្រកាសពីការសម្លាប់អ្នកកាន់សាសនាស៊ីករាប់ពាន់នាក់ នៅក្នុងប្រទេសឥណ្ឌា ថាជាអំពើប្រល័យពូជសាសន៍។ បុរសទាំងនេះ ទំនងជាមានដើមកំណើតឥណ្ឌា បានព្រមានថាពួកគេនឹង «ធ្វើអ្វីក៏ដោយ ដើម្បីតាមដានអ្នក»។ ចាប់តាំងពីរដូវក្តៅមុន លោកស្រី Bains បាននិយាយថា លោកស្រី បានទទួលសារគំរាមកំហែងច្រើនជាង១០០សារ ។ លោកស្រី បានប្រទះឃើញមនុស្សម្នាក់ថតរូបលំនៅឋាននៅទីក្រុង Bakersfield របស់លោកស្រី ពីរថយន្តមួយគ្រឿង ហើយសោរប្រអប់សំបុត្ររបស់លោកស្រី ត្រូវបានធ្វើឲ្យខូចម្តងហើយម្តងទៀត។

លោកស្រី Bains បានរាយការណ៍ពីឧប្បត្តិហេតុនៅការិយាល័យរបស់លោកស្រី ទៅនគរបាលតំបន់ ហើយបានបង្ហាញពីរូបភាពតាមកាំមេរ៉ាឃ្លាំមើលផ្ទះរបស់លោកស្រី ។

កាលពីចុងខែកញ្ញា បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា រដ្ឋបាលរបស់លោក មានភស្តុតាងគួរឱ្យទុកចិត្ត ដែលថារដ្ឋាភិបាលឥណ្ឌា បានជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក នៅទីក្រុង Columbia ចក្រភពអង់គ្លេស លោកស្រី Bains និយាយថា ក្រុមមន្ត្រី បានធ្វើការវាយតម្លៃពីសន្តិសុខនៅលំនៅឋានរបស់លោកស្រី និង បានជំរុញឱ្យលោកស្រីមានការប្រុងប្រយ័ត្នជាមុន។

មន្ត្រី FBI បាននិយាយថា ការិយាល័យ បានចេញការព្រមានបែបនេះ នៅពេលដែលខ្លួនទទួលបានភស្តុតាងគួរឱ្យទុកចិត្តពីការគំរាមកំហែង ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមនោះទេ។ នគរបាលសហព័ន្ធកាណាដា បានបដិសេធមិនបញ្ជាក់ថាតើបុគ្គលប៉ុន្មាននាក់ ដែលទទួលបានការព្រមាននេះ។