ប្រមុខការទូតអាមេរិក៖ អ៊ីស្រាអែលទទួលយកសំណើបទឈប់បាញ់នៅហ្កាហ្សា ខណៈជំរុញក្រុមហាមាស

ដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលយកសំណើបំពេញចន្លោះប្រហោង ថ្មីមួយសម្រាប់បទឈប់បាញ់នៅដែនដីហ្កាហ្សា និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស ប៉ុន្តែក្រុមហាម៉ាសបាននិយាយថា សំណើនេះតាមពិតទៅបំពេញលក្ខខណ្ឌរបស់លោក Netanyahu តែប៉ុណ្ណោះ និងសមនឹងរបៀបវារៈរបស់លោក។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Tel Aviv លោក Blinken បាននិយាយថា សំណើបំពេញចន្លោះប្រហោង ដែលលោក Netanyahu បានទទួលយកឆ្លុះបញ្ចាំងពីអ្វីដែលមាននៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ដែលលោកប្រធានាធិបតី Joe Biden បានដាក់នៅចំពោះមុខពិភពលោក កាលពីថ្ងៃទី ៣១ ខែឧសភា។

លោកបានបន្ថែមថា ឥឡូវនេះ ដល់ពេលដែលក្រុមហាមាសត្រូវបំពេញតួនាដូចគ្នានេះហើយ បន្ទាប់មកភាគីនានា ដោយមានជំនួយពីក្រុមអ្នកសម្របសម្រួល សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ត្រូវរួមគ្នា និងបញ្ចប់ភាពជាប់គាំងដើម្បីឈានដល់ការយល់ដឹងច្បាស់លាស់អំពីរបៀបដែលពួកគេនឹងអនុវត្តការប្តេជ្ញាចិត្ត។

លោកថា ការចរចាបទឈប់បាញ់នេះអាចជាឱកាសចុងក្រោយហើយ។

អ្នកការទូតជាន់ខ្ពស់របស់អាមេរិករូបនេះ បាននិយាយថា លោក Netanyahu ប្តេជ្ញាបញ្ជូនក្រុមអ៊ីស្រាអែលត្រឡប់ទៅទីក្រុង ដូហា ប្រទេសកាតា ឬអេហ្ស៊ីប ដើម្បីព្យាយាមបញ្ចប់ភាពជាប់គាំងនេះ៕