ជំងឺអុតស្វាបានសម្លាប់មនុស្សជាង ៥៧០នាក់ នៅក្នុងប្រទេសកុងហ្គោ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) លោក រ៉ូជើ ខាំបា (Roger Kamba) បាននិយាយកាលពីថ្ងៃចន្ទ (១៩ សីហា) ថា ការបន្តផ្ទុះឡើងនៃជំងឺអុតស្វា ត្រូវបានប្រកាសថាជា «ភាពអាសន្នក្នុងទ្វីបអាហ្រ្វិក» ដោយចាប់តាំងពីដើមឆ្នាំ២០២៤ នេះមក កុងហ្គោបានកត់ត្រាចំនួន ១៦.៧០០ករណី ដែលត្រូវបានបញ្ជាក់ ឬសង្ស័យថាមានមេរោគអុតស្វា រួមទាំងអ្នកស្លាប់ជាង ៥៧០នាក់ ដែលកើនឡើងពីករណីសង្ស័យចំនួន ១៥.៦៦៤នាក់ និងការស្លាប់ចំនួន ៥៤៨នាក់ ដែលបានរាយការណ៍កាលពីសប្តាហ៍មុន។

នៅខែធ្នូ ឆ្នាំ២០២២ កុងហ្គោបានប្រកាសពីការផ្ទុះឡើងជំងឺអុតស្វាថ្នាក់ជាតិ ដែលជំរុញឱ្យមានការបង្កើតប្រព័ន្ធគ្រប់គ្រងជំងឺចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣មក ដោយផ្អែកលើកំណើនករណីដែលបានរាយការណ៍។

លោក Kamba បាននិយាយថា ជំងឺដែលប៉ះពាល់ដល់ប្រទេសអាហ្វ្រិកចំនួន ១៧ និងប្រទេសមួយចំនួនទៀតនៅក្រៅទ្វីបនេះ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនវ័យក្មេង ជាពិសេសកុមារអាយុក្រោម ១៥ឆ្នាំ ដោយពណ៌នាថានេះជា «ភាពថ្មីថ្មោង» នៅក្នុងបរិបទនៃការផ្ទុះឡើង។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុនថា ជំងឺអុតស្វាជាភាពអាសន្នផ្នែកសុខភាពសាធារណៈ និងជាការព្រួយបារម្ភអន្តរជាតិ ដោយបង្កើនការជូនដំណឹងពីលទ្ធភាពនៃការឆ្លងទូទាំងពិភពលោក។ យោងតាមទីភ្នាក់ងារសុខភាពរបស់សហភាពអាហ្រ្វិក ចំនួនករណីអុតស្វាថ្មីដែលបានរាយការណ៍ក្នុងឆ្នាំ២០២៤ តំណាងឱ្យការកើនឡើង ១៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕