ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រាជរដ្ឋាភិបាលកំពុងផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋ ដើម្បីលើកកម្ពស់ខឿនសេដ្ឋកិច្ច

បាត់ដំបង៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរផ្ដល់ដីសម្បទានសង្គមកិច្ច ទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រួមជាមួយនឹងការផ្ដល់នូវបណ្ណកម្មសិទ្ធិ ដើម្បីឲ្យពួកគាត់បានដីអាស្រ័យផល និងលើកកម្ពស់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា

ក្នុងឱកាសអញ្ជើញប្រកាសតំបន់វិនិច្ឆ័យ សម្រាប់សម្បទានដីសង្គមកិច្ច ថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED |||) នៅឃុំព្រះផុស និងឃុំឃ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលចង់កែប្រែជីវិត របស់ពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ ស្រស់បំព្រង តាមរយៈការគិតគូរលើការរៀបចំដី រៀបចំជាសហគមន៍ ដើម្បីដាំនូវដំណាំ ចិញ្ចឹមសត្វ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាដើម ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិទី១ ដល់អាណត្តិទី៧ បានប្ដេជ្ញាចិត្តខ្ពស់បន្តអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ច និងទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីអនុវត្តគោលនយោបាយនេះ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ប្រយោជន៍ ជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលបានផលដំបូងគេពីគោលនយោបាយនេះ ហើយអ្នកទទួលផលជាបន្តបន្ទាប់ គឺអាជ្ញាធរដែនដី ពីព្រោះគម្រោងនេះ ជួយធ្វើឲ្យជីវភាពរបស់ពលរដ្ឋក្នុងមូលដ្ឋានកាន់តែប្រសើរឡើង ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្ថែមថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ មិនត្រឹមតែគូសវាស់ ក្នុងការផ្តល់ដីជូនប្រជាពលរដ្ឋនោះទេ តែត្រូវយកចិត្តទុកដាក់រួមសហការគ្នាក្នុងការកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានការរីកចម្រើន និងជួយដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ពិសេសជាងនេះទៅទៀត គឺការរៀបចំបង្កើតសាលារៀនបន្ថែម ដើម្បីជាថ្នាលបណ្តុះបណ្តាលចំណេះដឹងសម្រាប់កុមារ ការផ្តល់ជាគំនិតច្នៃប្រឌិតផ្សេងៗដល់ពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងធ្វើឱ្យសហគមន៍កាន់តែមានការអភិវឌ្ឍទៅមុខ ។

គួរបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលបន្តគាំទ្រសម្បទានដីសង្គមកិច្ច បន្ទាប់ពីគម្រោង (LASED) ដំណាក់កាលទី១ និងទី២ នៅថ្នាក់ឃុំ ជូនគ្រួសារក្រីក្រ ដែលគ្មានដីសម្រាប់សង់ទីលំនៅ និងបង្កបង្កើនផល ព្រមទាំងជួយគាំទ្រផងដែរ ដល់សហគមន៍ជនជាតិដើមភាគតិច ។

គម្រោងនេះអនុវត្តដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាស្ថាប័នដឹកនាំការអនុវត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាប័នអនុវត្ត ក្រោមថវិកាហិរញ្ញប្បទាន ឥណទានធនាគារពិភពលោករយៈពេល ៦ឆ្នាំ (២០២០-២០២៦) និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់នូវការទទួលបានសុវត្ថិភាព នៃការកាន់កាប់ដី សេវាកសិកម្ម និងសង្គម និងហេដ្ឋារចនាសម្ព័ន ដែលត្រូវបានជ្រើសរើស សម្រាប់កសិករ និងសហគមន៍ដែលស្ថិតនៅក្នុងទីតាំងគម្រោង ៕ អត្ថបទ បាន សុខរិទ្ធិ