ទឹកជំនន់នៅតំបន់ភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ប៉ះពាល់ដល់មនុស្សរាប់លាននាក់

ទឹកជំនន់ដ៏ធំនៅក្នុងតំបន់ ណោខាលី (Noakhali) ភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស បានប៉ះពាល់ដល់មនុស្សរាប់លាននាក់ និងបង្ខំឱ្យរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួន។ ទឹកជំនន់តាមរដូវកាលដែលអាក្រក់ជាងធម្មតានេះ គឺបណ្តាលមកពីទឹកជំនន់ពីប្រទេសឥណ្ឌា តាមរយៈទន្លេជាច្រើនដែលហូរកាត់តំបន់បង់ក្លាដែសមួយនេះ។

នៅតំបន់ ណោខាលី ដ៏ធំល្វឹងល្វើយដែលរួមមានស្រុក ណោខាលី, ហ្វេនី (Feni) និង ឡាក់ស្មីពួរ (Lakshmipur) ក្នុងបង់ក្លាដែស មនុស្សជាង ២លាននាក់ឥឡូវនេះកំពុងជាប់គាំង ជាមួយនឹងតំបន់ជាច្រើនរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ក្រុមមន្ត្រីបាននិយាយថា លំនៅឋានរាប់សែនខ្នងនៅក្នុងស្រុក ឃូមីឡា (Cumilla) ជិតខាងរបស់ ណោខាលី ក៏ត្រូវបានជន់លិច ហើយបណ្ដាញអគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ផងដែរ។

ទឹកជំនន់ត្រូវគេរាយការណ៍ថាបានបង្កការខូចខាតយ៉ាងទូលំទូលាយដល់ទីជម្រក ដំណាំ ផ្លូវថ្នល់ និងផ្លូវហាយវេនៅទូទាំងតំបន់ដ៏ធំល្វឹងល្វើយមួយនេះ។ កម្រិតទឹកនៅចំណុចភាគច្រើននៃទន្លេ គុមទី (Gumti), មូហ៊ូរី (Muhuri), កូហ័រ (Kohua) និង សីឡូនៀ (Silonia) ដែលកំពុងហូរកាត់តាមស្រុកនានា បានជោរជន់យ៉ាងខ្លាំង ហើយបន្តហូរលើសកម្រិតគ្រោះថ្នាក់កាលពីថ្ងៃពុធ (២១ សីហា)។

អាជ្ញាធរបានប្រញាប់ប្រញាល់បញ្ចូនក្រុមកម្លាំងឆ្លើយតបគ្រោះមហន្តរាយដើម្បីធ្វើប្រតិបត្តិការជួយសង្គ្រោះ ចែកចាយសម្ភារសង្គ្រោះ និងមើលការខុសត្រូវមណ្ឌលដែលមនុស្សរាប់ម៉ឺននាក់បានជ្រកកោន។ សមាជិកនៃកងទ័ពបង់ក្លាដែស ឆ្មាំព្រំដែន ឆ្មាំល្បាតឆ្នេរ សេវាពន្លត់អគ្គិភ័យ នគរបាល និងបុគ្គលិកសន្តិសុខផ្សេងទៀតកំពុងអនុវត្តប្រតិបត្តិការជួយសង្គ្រោះ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *