លោក Biden ជំរុញលោក Netanyahu ពីភាពបន្ទាន់ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា

សេតវិមានបាននិយាយថា លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃពុធបានជំរុញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អំពីភាពបន្ទាន់នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងដែនដីហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង ប៉ុន្តែអ៊ីស្រាអែល និងក្រុមហាម៉ាស បានប្រកាន់ខ្ជាប់យ៉ាងរឹងមាំ ចំពោះការទាមទាររបស់ពួកគេរៀងៗខ្លួន។

ការសន្ទនារវាងលោកBiden និងបេក្ខជនប្រធានាធិបតី លោកស្រី Kamala Harris ជាមួយលោក Netanyahu កាលពីថ្ងៃពុធបានកើតឡើង បន្ទាប់ពីក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៥២ នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោង។

សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា លោក Biden បានសង្កត់ធ្ងន់ទៅកាន់លោក Netanyahu ពីភាពបន្ទាន់នៃការនាំយកកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ដើម្បីលើកទៅពិភាក្សាកិច្ចពិភាក្សានាពេលខាងមុខនៅទីក្រុងគែរ(Cairo) ឈានទៅរកការលុបបំបាត់ឧបសគ្គ ដែលនៅសេសសល់។

ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក អ៊ីស្រាអែល អេហ្ស៊ីប និងកាតា ដែលត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅទីក្រុងគែរ នៅចុងសប្តាហ៍នេះ បានប្រឹងប្រែងរយៈពេលជាច្រើនខែ ក្នុងការផ្សះផ្សាការខ្វែងគំនិតគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ក្រោយការបញ្ចប់ទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិក ទៅកាន់មជ្ឈិមបូព៌ា និងជំនួបជាមួយ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu សហរដ្ឋអាមេរិក បានចោទប្រកាន់ លោក Netanyahu ថាបានធ្វើសេចក្តីថ្លែងការណ៍បែបជ្រុលនិយមពុំមិនមានលក្ខណៈស្ថាបនាក្នុងការទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់៕