ឯកឧត្តម វ៉ាត់ ចំរើន ៖ យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធីបតី ជាការបង្កើនស្មារតីរបស់យុទ្ធគុនទាំងអស់ មិនផ្តោតលើលាភសក្ការៈជាធំទេ

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលើកឡើងថា ៖«ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធីបតី ជាការបង្កើនស្មារតីរបស់យុទ្ធគុនទាំងអស់ ដោយមិនសំដៅទៅលើការប្រកួតដើម្បីលាភសក្ការៈទេ ប៉ុន្តែនៅក្នុងការប្រកួតនេះ ក៏មានការរៀបចំប្រាក់រង្វាន់លើកទឹកចិត្តសមរម្យដែរ»។

នៅក្នុងបទសម្ភាសន៍មួយ ថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអនុប្រធានគណៈកម្មការចំពោះកិច្ចរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចធិបតី បានគូសបញ្ជាក់ថា ៖«គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍យុទ្ធគុនខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី គឺដើម្បីបង្រួបបង្រួម និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែជ្រួតជ្រាបអំពីយុទ្ធគុនចម្រុះបុរាណដ៏សម្បូរបែប នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងនឹងរៀបចំប្រាក់រង្វាន់ឱ្យសមរម្យ ស្របតាមកាលៈទេសៈនាពេលបច្ចុប្បន្ន ដោយមិនខ្ពស់ពេក មិនទាបពេក ក្នុងកម្រិតមួយ ដែលអាចផ្តល់ការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីរបស់យើងដែរ។ សូមអំពាវនាវដល់កីឡាករ កីឡាការិនីទាំងអស់រៀបចំខ្លួន ត្រៀមចូលរួមប្រកួតឱ្យបានទាំងអស់គ្នា»។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍បានសង្កត់ធ្ងន់ថា ៖«ដោយសារតែព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី ដែលជាថ្នាក់ដឹកនាំកំពូលរបស់យើង ដូច្នេះយើងមិនបង្ហាញចេញនូវការប្រកួត ដើម្បីតែផលប្រយោជន៍ជាលុយនោះទេ ដែលការប្រកួត ដើម្បីផលប្រយោជន៍លុយ គឺជាការប្រកួតអាជីពរបស់ក្រុមហ៊ុមផ្សេងៗ នោះគឺជារឿងផ្សេងពីគ្នា។ ដូច្នេះសូមឱ្យគ្រូបង្វឹក កីឡាករ កីឡារិនីឈ្វេងយល់អំពីស្មារតីនៃការរៀបចំការប្រកួតនេះឱ្យបានច្បាស់លាស់»។

គណៈកម្មការរៀបចំនឹងរៀបចំការបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់គ្រប់ក្លឹប និងអ្នកហាត់ក្បាច់គុនទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខឆាប់ៗនេះនូវអត្ថប្រយោជន៍ និងប្រាក់កម្រៃ ដែលពួកគាត់នឹងទទួលបានពីការរៀបចំនេះ។ ការប្រកួតនេះមានលក្ខខណ្ឌ បទបញ្ជាការប្រកួតត្រឹមត្រូវ ដើម្បីស្វែងរកនូវភាពជោគជ័យសម្រាប់ជាតិរបស់យើងនៃគុណតម្លៃក្នុងការអភិរក្ស និងអភិវឌ្ឍន៍ព្រលឹងយុទ្ធគុនចម្រុះដូនតាខ្មែរយើងឱ្យបានយូរអង្វែងបន្តទៀត។

បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតយុទ្ធគុនចម្រុះ ពានរង្វាន់សម្តេចធិបតី ជាអ្នកអំពាវនាវ និងការពន្យល់អំពីអត្ថប្រយោជន៍នៃព្រឹត្តិការណ៍ ហើយចំពោះការដាក់វិធានការយ៉ាងណា ក្នុងការបំផុសឱ្យកីឡាករ កីឡាការិនីចូលរួមប្រកួត ឬយ៉ាងណា គឺគណៈកម្មការនឹងផ្តល់សិទ្ធិដល់សហព័ន្ធកីឡាជាតិជាអ្នករៀបចំ។ «ចំពោះកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរ ដែលកំពុងលេចធ្លោឆ្នើមៗ មានប្រជាប្រិយភាពខ្លាំងៗនោះ គឺពួកគាត់ត្រូវតែមានស្មារតីចូលរួមប្រកួត នៅក្នុងពានរង្វាន់ថ្នាក់ដឹកនាំកំពូលរបស់យើង ដែលតាមរយៈព្រឹត្តិការណ៍នេះ គឺជាការប្រមូលផ្តុំនៃយុទ្ធគុនចម្រុះថ្នាក់ជាតិដ៏ធំមួយ ដូច្នេះយើងទាំងអស់គ្នាត្រូវតែមានស្មារតីជាតិនិយម ក្នុងការថែរក្សាយុទ្ធគុនចម្រុះខ្មែរបុរាណរបស់យើងទាំងអស់គ្នា»។

ជុំវិញដំណើរការរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី ដែលគ្រោងនឹងធ្វើឡើងជាផ្លូវការពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ត្រូវបានឯកឧត្តមអគ្គលេខាធិការ NOCC លើកឡើងទៀតថា ពេលនេះកំពុងដំណើរការដោយរលូន ក្រោមការខិតខំពីថ្នាក់ដឹកនាំគណៈកម្មការចំពោះកិច្ច ជាពិសេសក្រោមការយកចិត្តទុកដាក់ខ្ពស់ដោយផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការជំរុញ និងផ្តល់អនុសាសន៍ឱ្យព្រឹត្តិការណ៍នេះជោគជ័យ។

«គណៈកម្មការចំពោះកិច្ចតែងតែរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយសហព័ន្ធកីឡាជាតិពាក់ព័ន្ធ ដូចជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សហព័ន្ធកីឡាយុទ្ធក្រមខម និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានឯកភាពគ្នាក្នុងការរៀបចំនីតិវិធីឱ្យកាន់តែទាក់ទាញខ្លាំង ដើម្បីប្រមែលប្រមូលឱ្យអ្នកហាត់គុនចម្រុះខ្មែរទាំងអស់ឱ្យចូលរួម ដោយគ្មាននរណាមួយ នៅក្រៅសង្វៀនការប្រកួតនេះទេ។ យើងទាំងអស់គ្នាកំពុងបន្តការងារឱ្យបានល្អ និងប្រឹងប្រែងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ក៏ដូចជាការណែនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាការចំពោះកិច្ចរៀបចំព្រឹត្តិការណ៍នេះផងដែរ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។

គួរបញ្ជាក់ថា ចំពោះអ្នកហាត់គុនចម្រុះ ដែលមិនស្ថិតក្រោមសហព័ន្ធកីឡាជាតិ ក៏អាចមកចូលរួមប្រកួតបានដែរ តាមរយៈវិបសាយ ឬទាក់ទងទៅសហព័ន្ធកីឡាជាតិណាមួយ ក្នុងចំណោម៤សហព័ន្ធ ឬទាក់ទងមកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (ជិតរង្វង់មូលវត្តសំពៅមាស រាជធានីភ្នំពេញ) ដើម្បីយកបែបបទចុះឈ្មោះ៕ ដោយ ហេង ណាលីន