ឧត្តមសេនីយ៍អ៊ីរ៉ង់៖ ការសងសឹកគឺមានប្រាកដណាស់ ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស

ឧត្តមេសនីយ៍នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម បាននិយាយកាលពីថ្ងៃចន្ទ ទី២៦ សីហា ថា ការសងសឹករបស់អ៊ីរ៉ង់ ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh គឺមាន «ប្រាកដណាស់» ។

នៅក្នុងពិធីមួយរបស់កងកម្លាំងប្រដាប់អាវុធនៅក្រសួងការពារជាតិក្នុងទីក្រុង តេអេរ៉ង់ លោក Mohammad Bagheri បាននិយាយថា អ៊ីរ៉ង់នឹងសម្រេចចិត្តពី «របៀប និងពេលណា» ដែលខ្លួននឹងឆ្លើយតបចំពោះការធ្វើឃាតមេបញ្ជាការយោធារបស់ខ្លួន ដោយការវាយប្រហាររបស់អ៊ីស្រាអែល។

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយកាលពីដើមខែនេះថា លោក Haniyeh ត្រូវបានសម្លាប់នៅទីក្រុង តេអេរ៉ង់ ដោយគ្រាប់មីស៊ីលរយៈចម្ងាយជិត ជាមួយក្បាលគ្រាប់ទម្ងន់ប្រហែល៧គីឡូក្រាម ហើយបានប្តេជ្ញាសងសឹកយ៉ាងខ្លាំងក្លាបំផុត។

អ៊ីរ៉ង់ និងក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើការវាយប្រហារសម្លាប់លោក Haniyeh កាលពីថ្ងៃទី៣១ ខែកក្កដា ប៉ុន្មានម៉ោងបន្ទាប់ពីលោក បានចូលរួមក្នុងពិធីឡើងកាន់តំណែងប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្គីអាន(Masoud Pezeshkian) ។