ចិន បើកកិច្ចពិភាក្សាថ្ងៃទីពីរស្តីពីកោះតៃវ៉ាន់ និងសារធាតុហ្វង់តានីល ជាមួយភាគីអាមេរិក

ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) គឺលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានចាប់ផ្តើមកិច្ចប្រជុំថ្ងៃទីពីររបស់ខ្លួនជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់របស់ចិន នៅទីក្រុងប៉េកាំង នៅថ្ងៃពុធ (២៨ សីហា) នេះក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរនៅមុនការបោះឆ្នោតសហរដ្ឋអាមេរិកថ្ងៃទី០៥ ខែវិច្ឆិកា។

លោក Sullivan ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) និងអ្នកផ្សេងទៀតកំពុងជួបពិភាក្សាគ្នាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ (២៩ សីហា) ខណៈប្រទេសទាំងពីរខ្វែងគំនិតគ្នាជុំវិញបញ្ហាមជ្ឈិមបូព៌ា និងអ៊ុយក្រែន ការអះអាងសិទ្ធិរបស់ចិន លើកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង រួមទាំងជម្លោះពាណិជ្ជកម្ម។

ដោយទទួលស្គាល់ទំនាក់ទំនងដ៏រកាំរកួសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក Wang និយាយថា លោកសង្ឃឹមថានឹងមានកិច្ចសន្ទនាជុំថ្មីរវាងចិន និងអាមេរិក ដែលអាចលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ជំនះការរំខាន និងលុបបំបាត់ឧបសគ្គ ហើយអនុញ្ញាតឱ្យទំនាក់ទំនងអភិវឌ្ឍក្នុងលក្ខណៈ «ស្ថិរភាព ស្ថានភាពល្អ និងនិរន្តរភាព»។

លោក Sullivan បាននិយាយថា «យើងនឹងស្វែងយល់ពីបញ្ហាជាច្រើន រួមទាំងបញ្ហាយល់ស្រប និងបញ្ហាខ្វែងគំនិតគ្នាដើម្បីគ្រប់គ្រងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង»។

សហរដ្ឋអាមេរិក ចង់ឱ្យចិនចាត់វិធានការបន្ថែមទៀតនៅក្នុងប្រទេសដើម្បីទប់ស្កាត់សារធាតុគីមីដែលអាចបង្កើតជាសារធាតុហ្វងតានីល (fentanyl) ដ៏គ្រោះថ្នាក់ដែលជាមូលហេតុចម្បងនៃបញ្ហាប្រើថ្នាំលើសកម្រិតនៅអាមេរិក និងឈានដល់ការយល់ដឹងអំពីស្តង់ដារសុវត្ថិភាពសម្រាប់បញ្ញាសិប្បនិម្មិត AI។

ទីក្រុងប៉េកាំង នឹងបង្ហាញការមិនយល់ស្របរបស់ខ្លួនចំពោះពន្ធរបស់អាមេរិកលើទំនិញផលិត និងការត្រួតពិនិត្យការនាំចេញជាច្រើនដែលផ្តោតលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន ហើយក៏លើកឡើងអំពីការទាមទារអធិបតេយ្យភាពរបស់ខ្លួនលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ផងដែរ៕