វិបត្តិធនាគារនៅលីប៊ី ធ្វើឲ្យប៉ះពាល់ដល់ប្រាក់ខែរដ្ឋ និងធ្វើឲ្យទុក្ខលំបាកកាន់តែធ្លាក់ជ្រៅ

នៅតាមធនាគារ ហាង និងអាជីវកម្ម នៅទូទាំងប្រទេសលីប៊ី ភាពច្របូកច្របល់ ការព្រួយបារម្ភ និងប្រតិបត្តិការដែលជាប់គាំង បង្ហាញពីការខាតបង់ភ្លាមៗចំពោះការតស៊ូរបស់ក្រុមបក្សពួក ដើម្បីគ្រប់គ្រងធនាគារកណ្តាល ដែលអ្នកវិភាគនិយាយថា អាចកាន់តែធ្លាក់ចុះជ្រៅទៅៗ។

ប្រជាជនលីប៊ី បាននិយាយទៅកាន់សារព័ត៌មាន Reuters ថា ខណៈអង្គការសហប្រជាជាតិ កំពុងបើកកិច្ចប្រជុំជាមួយមេដឹកនាំនយោបាយគូប្រជែងដើម្បីរកវិធីដោះស្រាយវិបត្តិ ប៉ុន្តែប្រតិបត្តិការធម្មតាជាច្រើនទំនងជាពុំអាចទៅរួចនោះទេ ហើយប្រាក់ខែរដ្ឋ នៅតែពុំទាន់បានបើកឲ្យនៅឡើយ។

វិបត្តិ បានចាប់ផ្តើមនៅពេលដែលប្រធានក្រុមប្រឹក្សា លោក Mohammed al-Menfi បាននិយាយថាលោកបណ្តេញទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសលីប៊ី (CBL) លោក Sadiq al-Kabir និង តែងតាំងក្រុមប្រឹក្សាភិបាលថ្មី ជាការសម្រេចចិត្តមួយ ទុកសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិក្រោមច្បាប់ដែលមានស្រាប់។

លោក Kabir បានច្រានចោលចំណាត់ការនេះ ដែលត្រូវបានគាំទ្រដោយបក្សពួកភាគខាងកើត ដែលបានរារាំងការផលិត និងការនាំចេញប្រេងភាគច្រើន ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល នៅទីក្រុងទ្រីប៉ូលី ភាគខាងលិច។

ខណៈក្រុមប្រឹក្សាភិបាលថ្មី ត្រូវបានតែងតាំងនៅក្នុងអគារធនាគារកណ្តាលរបស់ប្រទេសលីប៊ី (CBL) លោក Kabir ទំនងជានៅរក្សាការគ្រប់គ្រងលើគេហទំព័ររបស់ធនាគារ។ កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាភិបាលថ្មី បានស្នើឱ្យលោក Kabir ប្រគល់លេខកូដ ដែលត្រូវការសម្រាប់ធ្វើប្រតិបត្តិការ។

អាជ្ញាធរលោកខាងលិច បានប្រាប់ធនាគារនានាឱ្យបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិក ប៉ុន្តែវាពុំច្បាស់នោះទេ ថាតើ ធនាគារកណ្តាលរបស់ប្រទេសលីប៊ី (CBL) បានគ្រប់គ្រងដើម្បីបើកការទូទាត់ប្រាក់ខែដល់បុគ្គលិករដ្ឋ ដែរឬយ៉ាងណា។

វិបត្តិនេះ កើតឡើងលើបញ្ហាដែលមានស្រាប់ ខណៈប្រទេសលីប៊ី ខ្វះសាច់ប្រាក់ជាច្រើនឆ្នាំមកហើយ ដោយទាំងក្រដាសប្រាក់ឌីណា(dinar) និងប្រាក់ដុល្លារ ពិបាកទទួលបាន សូម្បីតែអ្នកដែលមានលុយច្រើនក្នុងគណនីរបស់ពួកគេក៏ដោយ។