លោក Zelenskiy៖ លោក Putin បានលួចទ្រព្យសម្បត្តិជាច្រើនរួចហើយ ប៉ុន្តែមិនអាចលួចអនាគតពិភពលោកបានឡើយ

ថ្លែងនៅក្នុង «កិច្ចប្រជុំកំពូលនៃអនាគត» នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទទូចឱ្យមេដឹកនាំពិភពលោកគាំទ្រអ៊ុយក្រែន «សម្រាប់អនាគតដែលមានសន្តិភាព»។ លោក Zelenskiy បាននិយាយថា ខ្ញុំប្រាកដណាស់ ថា លោក Putin បានលួចទ្រព្យសម្បត្តិជាច្រើនរួចទៅហើយ ប៉ុន្តែលោកនឹងមិនអាចលួចអនាគតរបស់ពិភពលោកបានឡើយ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្សី ទៅលើទីក្រុង Zaporizhzhia ភាគអាគ្នេយ៍របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ ទី២៣ កញ្ញា បានធ្លាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបណ្តាលឲ្យមនុស្សច្រើននាក់រងរបួស បន្ទាប់ពីការវាយប្រហារលើទីក្រុង កាលពីល្ងាចថ្ងៃអាទិត្យ ធ្វើឱ្យមនុស្ស ២១ នាក់របួស។

អភិបាលតំបន់ លោក Ivan Fedorov បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ការវាយប្រហារមួយក្នុងចំណោមការវាយប្រហារចំនួនពីរលើករបស់រុស្ស៊ី កាលពីល្ងាចថ្ងៃច័ន្ទ បានធ្លាក់ទៅលើតំបន់ទីវាល និងអគារមួយកន្លែងដែលនៅមិនទាន់កំណត់អត្តសញ្ញាណនៅឡើយ។

ក្រសួងថាមពលអ៊ុយក្រែន បាននិយាយនៅលើបណ្តាញ Telegram ថា ដោយសារតែការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យ ការផ្គត់ផ្គង់ថាមពលត្រូវបានកាត់ផ្តាច់ដល់អ្នកប្រើប្រាស់ជាង ១៦.០០០នាក់ នៅក្នុងតំបន់ ប៉ុន្តែក្រោយមកត្រូវបានស្តារឡើងវិញ។

លោក Zelenskiy និយាយថា រុស្ស៊ី បានបដិសេធមិនដាក់គោលដៅលើជនស៊ីវិលនោះទេ ប៉ុន្តែមនុស្សរាប់ពាន់នាក់ បានបាត់បង់ជីវិត និងរងរបួស ចាប់តាំងពីទីក្រុងមូស្គូ បើកការវាយលុកពេញលេញលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ពិភពលោក ត្រូវការអនាគតមានសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព