[UPDATE] ចំនួនអ្នកស្លាប់ដោយសារព្យុះ និងទឹកជំនន់នៅមីយ៉ាន់ម៉ា បានកើនឡើង ៣៩០នាក់

របបយោធាដែលកំពុងក្ដាប់អំណាចនៅសហភាពមីយ៉ាន់ម៉ាបានប្រកាសថាចំនួនអ្នកស្លាប់ដោយសារព្យុះ Yagi និងទឹកជំនន់ ព្រមទាំងបំណាក់ដី បានកើនឡើងដល់៣៩០នាក់ ខណៈ មនុស្សជាច្រើននាក់នៅតែបាត់ខ្លួន។

ព្យុះទីហ្វុងYagi បានវាយប្រហារភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពីជាងមួយសប្តាហ៍មុន ដែលបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ ក្រោយវាយប្រហារប្រទេសហ្វីលីពីន និងចិនភាគខាងត្បូង។ នៅវៀតណាម មនុស្សជាង៣០០នាក់ស្លាប់ និងបាត់ខ្លួន ខណៈជាង៤០នាក់ស្លាប់ នៅប្រទេស ៤នាក់ នៅឡាវ ជាង២០នាក់នៅហ្វីលីពីន និងមួយចំនួននៅប្រទេសចិន។

គ្រោះមហន្តរាយនេះបានបន្ថែមបន្ទុកកាន់តែធ្ងន់ធ្ងរដល់សន្តិសុខ មនុស្សធម៌ និងវិបត្តិនយោបាយដែលមីយ៉ានម៉ាបាននិងកំពុងជួបប្រទះចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី(Aung San Suu Kyi)។

អង្គការសហប្រជាជាតិបាននិយាយថាមនុស្សជិត១លាននាក់បានរងផលប៉ះពាល់នៅក្នុងប្រទេសហែកហូរដោយសង្រ្គាមស៊ីវិលមួយនេះ ក្រោយព្យុះនេះការវាយប្រហារពីព្យុះ Yagi។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា មានការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងតំបន់ទាំងនោះ ដែលមានផ្លូវថ្នល់ ស្ពាន បណ្តាញទំនាក់ទំនង សាលារៀន កន្លែងសេវាសាធារណៈ ទីតាំងសាសនា ដំណាំ និងដីស្រែចំការ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ឬដួលរលំទាំងស្រុង៕