AMD បញ្ចេញបន្ទះឈីប AI ថ្មី ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុននាំមុខ Nvidia

ក្រុមហ៊ុន Advanced Micro Devices (AMD) នៅថ្ងៃចន្ទ (ទី៣ ខែមីថុនា) នេះ បានបង្ហាញប្រូសេសស័រ (បន្ទះឈីប) បញ្ញាសិប្បនិម្មិត (AI) ចុងក្រោយបំផុតរបស់ខ្លួន និងបានរៀបរាប់លម្អិតអំពីផែនការរបស់ខ្លួន ក្នុងការអភិវឌ្ឍបន្ទះឈីប AI ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដោយមានគោលបំណងប្រកួតប្រជែងជាមួយក្រុមហ៊ុននាំមុខ ក្នុងឧស្សាហកម្មនេះ គឺ Nvidia។

នៅឯព្រឹត្តិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិទ្យា Computex នាទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់ នាយកប្រតិបត្តិក្រុមហ៊ុន AMD លោកស្រី Lisa Su បានណែនាំហាដវែរ (ឧបករណ៍ជួយបង្កើនល្បឿន) ឈ្មោះ MI325X ដែលគ្រោងនឹងមាននៅលើទីផ្សារ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។ ការប្រណាំងប្រជែង ដើម្បីបង្កើតកម្មវិធី AI បាននាំឲ្យមានតម្រូវការកាន់តែខ្ពស់ឡើងៗ សម្រាប់បន្ទះឈីបកម្រិតខ្ពស់ប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ AI ដែលអាចគាំទ្រកម្មវិធីស្មុគស្មាញ។

ក្រុមហ៊ុន AMD ដែលមានមូលដ្ឋាននៅទីក្រុង Santa Clara រដ្ឋ California សហរដ្ឋអាមេរិក បាន និងកំពុងប្រឹងប្រែងប្រកួតប្រជែងជាមួយក្រុមហ៊ុន Nvidia ដែលបច្ចុប្បន្នក្ដោបក្ដាប់ទីផ្សាររកប្រាក់ចំណេញយ៉ាងកាក់កប ក្នុងអាជីវកម្មបន្ទះអេឡិចត្រូនិក AI ដោយគ្រប់គ្រងចំណែកទីផ្សារប្រមាណជា ៨០ភាគរយ។

លោកស្រី Su បានប្រាប់សារយកព័ត៌មានថា៖ «AI គឺជាអាទិភាពចម្បងទីមួយរបស់យើង ក្នុងនាមក្រុមហ៊ុនមួយ ហើយយើងពិតជាបានប្រើប្រាស់សមត្ថភាពអភិវឌ្ឍន៍ទាំងអស់ នៅក្នុងក្រុមហ៊ុន ដើម្បីធ្វើបែបនោះ។ គំរូប្រចាំឆ្នាំនេះ គឺជាអ្វីដែលត្រូវមាន ព្រោះទីផ្សារត្រូវការផលិតផលថ្មី និងមានសមត្ថភាពខ្ពស់ជាងមុន ជារៀងរាល់ឆ្នាំ។ យើងមានកិច្ចការធំបន្ទាប់បែបនេះ ដែលយើងតែងតែមានផលប័ត្រប្រកួតប្រជែងបំផុតជានិច្ច»។

ជាមួយគ្នានេះ AMD ក៏បានណែនាំនូវបន្ទះឈីបស៊េរីថ្មី ដែលមានឈ្មោះថា MI350 ដែលរំពឹងថា នឹងមាននៅលើទីផ្សារ ក្នុងឆ្នាំ២០២៥ និងនឹងផ្អែកលើស្ថាបត្យកម្មបន្ទះឈីបថ្មី៕