ក្រសួងការបរទេស៖ ចិននឹងចាត់វិធានការតបតប្រឆាំងនឹងការរឹតបន្តឹងទិដ្ឋាការរបស់សហរដ្ឋអាមេរិក

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅថ្ងៃចន្ទ (ទី៣ ខែមិថុនា) នេះ បាននិយាយថា ប្រទេសចិននឹងចាត់វិធានការតបត ប្រសិនបើសហរដ្ឋអាមេរិកអនុវត្តការរឹតបន្តឹងទិដ្ឋាការលើមន្ត្រីរបស់ទីក្រុងហុងកុង។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រ (ទី៣១ ខែឧសភា) បាននិយាយថា សហរដ្ឋអាមេរិក កំពុងដាក់ចេញនូវការរឹតបន្តឹងដល់ការផ្ដល់ទិដ្ឋាការថ្មីលើមន្ត្រីរបស់ប្រទេសចិន និងទីក្រុងហុងកុង ជុំវិញសាលក្រមមានទោស នៅក្នុងការជំនុំជម្រះក្ដីច្បាប់សន្តិសុខជាតិលើអ្នករៀបចំការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅហុងកុង។

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងចំនួន ១៤រូប ត្រូវបានរកឃើញថា មានទោស ហើយ ២នាក់ត្រូវបានដោះលែងឲ្យរួចពីការចោទប្រកាន់ កាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) នៅក្នុងសវនាការវិទ្ធង្សនាដ៏សំខាន់មួយ ដែលអ្នករិះគន់និយាយថា អាចបន្ថែមឲ្យមាននូវផលប៉ះពាល់ដ៏ធំមួយទៀត ចំពោះនីតិរដ្ឋ និងកេរ្តិ៍ឈ្មោះរបស់ទីក្រុងនេះ ក្នុងឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក។

ដោយនិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅថ្ងៃចន្ទនេះ លោកស្រី Mao បានប្រាប់ថា៖ «កិច្ចការហុងកុង ជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនអាចត្រូវបានជ្រៀតជ្រែកពីកម្លាំងខាងក្រៅណាមួយឡើយ»៕