ការសាកល្បងមីស៊ីលរបស់ចិន បង្កឱ្យមានភាពតានតឹងក្នុងតំបន់ និងការព្រួយបារម្ភអំពីសន្តិសុខ

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) បាននិយាយដល់ការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបបាលីស្ទីក ដែលធ្វើឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះដោយយោធាចិនថា ការកើនឡើងសកម្មភាពយោធារបស់ចិននៅក្នុងតំបន់ គឺជាក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ។

ប្រទេសចិនបាននិងកំពុងបន្តបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនក្នុងកម្រិតខ្ពស់ និងការពង្រឹងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនយ៉ាងទូលំទូលាយ និងឆាប់រហ័ស រួមទាំងមីស៊ីលអន្តរទ្វីប ICBM ផងដែរ។

លោកបានបន្ថែមថា ក្រុងប៉េកាំងពុំបានព្រមានអាជ្ញាធរក្នុងទីក្រុងតូក្យូអំពីការបាញ់សាកល្បងកាលពីថ្ងៃពុធនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា មីស៊ីលនោះ មិនបានហោះរំលងប្រជុំកោះជប៉ុនទេ ហើយយោធានឹងបន្តតាមដានស្ថានការណ៍នេះ។

យោធាចិន តាមរយៈក្រសួងការពារជាតិបានរាយការណ៍ថា នៅម៉ោង ៨:៤៤នាទីម៉ោងនៅទីក្រុងប៉េកាំង ថ្ងៃពុធសប្ដាហ៍នេះ មីស៊ីលផ្លោងអន្តរទ្វីប (ICBM) បំពាក់ក្បាលគ្រាប់សិប្បនិម្មិតមួយត្រូវបានបាញ់។ នេះជាការសាកល្បងប្រភេទមីស៊ីល ICBM លើកដំបូងរបស់ចិនក្នុងរយៈពេល៤៤ឆ្នាំ។ ទូរទស្សន៍រដ្ឋCCTVរបស់ចិននិយាយថា ការបាញ់សាកល្បងមីស៊ីល ICBM របស់ចិន មិនសំដៅប្រឆាំងនឹងប្រទេស ឬគោលដៅជាក់លាក់ណាមួយឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសនូវែលសេឡង់ លោក Winston Peters បានប្រាប់សារព័ត៌មាន AFP ថា ការបាញ់មីស៊ីលឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង គឺជាការមិនស្វាគមន៍ និងជាក្ដីបារម្ភពីការអភិវឌ្ឍន៍។ លោកបានបន្ថែមថា អាជ្ញាធរនៅទីក្រុង Wellington នឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់ប៉ាស៊ីហ្វិក នៅពេលទទួលបានព័ត៌មានថ្មីអំពីបញ្ហានេះ៕