លោក ពូទីន ចេញការព្រមាននុយក្លេអ៊ែរដល់លោកខាងលិច ជុំវិញការវាយប្រហារពីអ៊ុយក្រែន ចូលរុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានលោកខាងលិចកាលពីថ្ងៃពុធ (២៥ កញ្ញា) ថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើត្រូវបានវាយប្រហារដោយមីស៊ីលធម្មតា ហើយថាទីក្រុងមូស្គូ នឹងពិចារណាការវាយប្រហារណាមួយលើខ្លួនដែលគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរជាការវាយប្រហាររួម។

ការសម្រេចចិត្តផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែរផ្លូវការរបស់រុស្ស៊ី គឺជាចម្លើយរបស់វិមានក្រឹមឡាំង ចំពោះការពិភាក្សានៅសហរដ្ឋអាមេរិក និងអង់គ្លេស អំពីថាតើត្រូវផ្តល់ការអនុញ្ញាតដល់អ៊ុយក្រែន ក្នុងការបាញ់មីស៊ីលធម្មតារបស់លោកខាងលិចចូលក្នុងទឹកដីរុស្ស៊ី ឬទេ។ លោក ពូទីន បានថ្លែងក្នុងការបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា ជំហាននេះគឺឆ្លើយតបទៅនឹងទិដ្ឋភាពពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងដែលបានបង្កើនការគំរាមកំហែង និងហានិភ័យថ្មីៗដល់រុស្ស៊ី។

ប្រមុខវិមានក្រឹមឡាំង វ័យ៧១ឆ្នាំ ដែលជាអ្នកសម្រេចចិត្តចម្បងលើឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់រុស្ស៊ីរូបនេះ បាននិយាយថា “ការឈ្លានពានប្រឆាំងនឹងរុស្ស៊ីដោយរដ្ឋមិនមាននុយក្លេអ៊ែរណាមួយ ប៉ុន្តែដោយមានការចូលរួម ឬការគាំទ្រពីរដ្ឋនុយក្លេអ៊ែរ ត្រូវបានគេចាត់ទុកថាជាការវាយប្រហាររួមគ្នារបស់ពួកគេលើសហព័ន្ធរុស្ស៊ី”។

លោក ពូទីន បន្តថា “ទីក្រុងមូស្គូ នឹងពិចារណាវិធានការប្រើប្រាស់នុយក្លេអ៊ែរ ប្រសិនបើខ្លួនបានរកឃើញការចាប់ផ្តើមបាញ់បង្ហោះមីស៊ីល យន្តហោះ ឬយានដ្រូនដ៏ធំ រួមទាំងសព្វាវុធធម្មតា ប្រឆាំងនឹងរុស្ស៊ី ឬប្រសិនបើសម្ព័ន្ធមិត្តបេឡារុស របស់ខ្លួនត្រូវបានក្លាយជាកម្មវត្ថុនៃការឈ្លានពាន”។ លោក ពូទីន បន្ថែមថា ការបញ្ជាក់នេះត្រូវបានក្រិតតាមខ្នាតដោយប្រុងប្រយ័ត្ន និងសមស្របទៅនឹងការគំរាមកំហែងផ្នែកយោធាទំនើបដែលរុស្ស៊ីកំពុងប្រឈម ដោយនេះគឺជាការបញ្ជាក់ថាគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ីកំពុងផ្លាស់ប្តូរ៕