ការទូតអាមេរិក នៅមជ្ឈិមបូព៌ា រអាក់រអួល ខណៈអាណត្តិរបស់លោក Biden ជិតអស់

កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា នៅតែជាប់គាំង បន្ទាប់ពីការប្រយុទ្ធគ្នាជិតមួយឆ្នាំ ខណៈក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ បន្តវាយប្រហារលើការដឹកជញ្ជូនសមុទ្រក្រហម។ ហើយឥឡូវនេះ ទោះបីជាមានកិច្ចប្រឹងប្រែងការទូតយ៉ាងខ្លាំងក្លាដែលដឹកនាំដោយអាមេរិកក៏ដោយ ជម្លោះអ៊ីស្រាអែល និងក្រុមហេសបូឡា នៅតែគំរាមកំហែងដល់ការផ្ទុះឡើងជាសង្រ្គាមពេញបន្ទុកក្នុងតំបន់ទាំងមូល។

ក្រុមអ្នកវិភាគ និងអ្នកការទូតបរទេសនិយាយថា ជាមួយនឹងអាណត្តិនៃរដ្ឋបាលរបស់ខ្លួនជិតបញ្ចប់ ប្រធានាធិបតីអាមេរិក លោក Joe Biden ប្រឈមមុខនឹងវិបត្តិមជ្ឈិមបូព៌ាដ៏ធំ ដែលទំនងជាមិនអាចដោះស្រាយបានឡើយមុនលោកចាកចេញពីតំណែងក្នុងខែមករា ហើយដែលមើលទៅហាក់ដូចជាបំផ្លាញដំណែលគោលនយោបាយការបរទេសរបស់លោក។

លោក Biden ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មាការលំបាកក្នុងការឱបក្រសោបសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា នៅលីបង់ ខណៈពេលដែលព្យាយាមទប់ស្កាត់ការស្លាប់ជនស៊ីវិល និងរារាំងការរីករាលដាលនៃជម្លោះមជ្ឈិមបូព៌ាដ៏ទូលំទូលាយ។

ម្តងហើយម្តងទៀត លោក Biden បានប្រឈមមុខនឹងកង្វះខាតយុទ្ធសាស្ត្រនយោបាយការបរទេស ដែលចុងក្រោយបំផុតនេះគឺជាការបដិសេធរបស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ លើសំណើដែលគាំទ្រដោយអាមេរិក សម្រាប់បទឈប់បាញ់រយៈពេល ២១ថ្ងៃឆ្លងកាត់ព្រំដែនលីបង់ ខណៈកំពុងបន្តការវាយប្រហារដែលសម្លាប់ប្រជាជនលីបង់រាប់រយនាក់។

ប្រហែលជាឧទាហរណ៍ច្បាស់បំផុតនៃការទូតដែលគ្មានប្រសិទ្ធភាពរបស់លោក Biden នោះ គឺការស្ទាក់ស្ទើររបស់លោកក្នុងការអនុវត្តសម្ពាធដាច់អហង្ការរបស់អាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធ និងខែលការទូតដ៏ធំរបស់អ៊ីស្រាអែលនៅអង្គការសហប្រជាជាតិ ដើម្បីពត់តម្រង់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឱ្យស្របទៅនឹងឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោន៕