[UPDATE] មនុស្សម្នាក់ស្លាប់ ខណៈព្យុះសង្ឈរា ហេលេន ដ៏គ្រោះថ្នាក់បំផុតវាយប្រហារសហរដ្ឋអាមេរិក

ក្រុមមន្ត្រីនៅរដ្ឋ Florida សហរដ្ឋអាមេរិក កំពុងទទូចដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ស្ដាប់បទបញ្ជាជម្លៀសខ្លួនជាកាតាព្វកិច្ច ពុំនោះនឹងប្រឈមការគំរាមកំហែងដល់អាយុជីវិត ខណៈដែលព្យុះសង្ឃរា ហេលេន (Helene)បានវាយប្រហារទូទាំងតំបន់ឈូងសមុទ្រនៃប្រទេសម៉ិកស៊ិក ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ។

ព្យុះសង្ឈរាហេលេន បានបោកបក់លើផ្នែកមួយចំនួនរបស់ប្រទេសម៉ិកស៊ិកនិងបាននាំមកនូវប្រភេទព្យុះត្រូពិកទៅកាន់រដ្ឋ Florida ជាទីដែលមនុស្សម្នាក់បានស្លាប់កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីស្លាកសញ្ញាមួយរលំលើរថយន្តរបស់ពួកគេលើផ្លូវហាយវ៉េ មួយក្នុងទីក្រុង Tampaរដ្ឋ Florida ស្របពេលខ្យល់បោកបក់ខ្លាំងលាយលំជាមួយភ្លៀងធ្លាក់។

មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិអាមេរិក (NHC) បាននិយាយនៅលើបណ្ដាញសង្គមថា អ្នកទាំងឡាយរស់នៅតាមតំបន់ឆ្នេរសមុទ្រ Florida Big Bend កំពុងប្រឈមហានីភ័យនៃព្យុះដែលកំពុងកើនឡើងឥទ្ធិពលដ៏មហន្តរាយ។

មជ្ឈមណ្ឌលខាងលើ បានធ្វើបច្ចុប្បន្នភាពព្យុះហេលេន ដែលត្រូវគេរំពឹងថា នឹងវាយប្រហារដល់ដីគោកក្នុងតំបន់ឆ្នេរ Big Bend របស់រដ្ឋ Florida នៅថ្ងៃសុក្រម៉ោង ១១យប់ ម៉ោងនៅសហរដ្ឋអាមេរិក ដែលជាព្យុះដ៏គ្រោះថ្នាក់បំផុត កម្រិតទី៤ ដោយនឹងនាំមកនូវកម្លាំងខ្យល់ជិត២០៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង៕