រុស្ស៊ី មានផែនការបង្កើនការចំណាយខ្ពស់លើវិស័យការពារជាតិ នៅឆ្នាំ២០២៥

ប្រទេសរុស្ស៊ី មានផែនការបង្កើនថវិកាការពារជាតិរបស់ខ្លួនជិត៣០ភាគរយនៅឆ្នាំក្រោយ ខណៈ​ប្រទេស​នេះ បង្វែរធនធានទៅរកការវាយលុកអ៊ុយក្រែន ដោយចំណាយ​បន្ថែមទៀត​លើ​វិស័យ​យោធា​ច្រើន​ជាងផ្នែកសុខុមាលភាព និងការអប់រំរួម ដែលសេចក្តីព្រាងថវិកា ត្រូវបានបង្ហាញ កាល​ពី​ថ្ងៃចន្ទ ទី៣០ ខែកញ្ញា។

ទីក្រុងមូស្គូ បានបង្កើនការចំណាយផ្នែកយោធាដល់កម្រិតមួយមិនធ្លាប់មាន ចាប់តាំងពី​សម័យ​សហភាព​សូវៀត ដោយប្រើប្រាស់មីស៊ីល និងយានដ្រូនដើម្បីវាយលុកលើអ៊ុយក្រែន និងផ្តល់​ប្រាក់​ឈ្នួល​ដ៏ច្រើនដល់ទាហានរាប់សែននាក់ ដែលកំពុងប្រយុទ្ធនៅសមរភូមិ។

ឯកសារដែលបានចេញផ្សាយនៅលើគេហទំព័រសភា បានបង្ហាញថា ការកើនឡើង​នៃ​ការ​ចំណាយ​តាម​ផែន​ការចុងក្រោយ នឹងធ្វើឱ្យថវិកាការពារជាតិរបស់រុស្ស៊ីឈានដល់ ១៤៥ពាន់លានដុល្លារ ក្នុង​ឆ្នាំ២០២៥ ។

មុននឹងបញ្ជូនសេចក្តីព្រាងថវិកាទៅកាន់សភារុស្ស៊ី ទីក្រុងមូស្គូ បានប្រកាស​ពី​ការ​កើន​ឡើង​ការ​វិនិយោគ និងសុខុមាលភាពសង្គម រួមជាមួយនឹងការចំណាយផ្នែកយោធាខ្ពស់។