ក្រសួងព័ត៌មានបានដាក់ចេញយន្តការសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធិភាព ខណៈឆ្នាំ២០២៣កន្លងទៅ ក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយចំនួន ៣០០០ករណី ដែលចំនួននេះបានកើនឡើង១៦០% បើធៀបនឹងឆ្នាំ២០២០។
ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធិបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានមេគង្គលើកទី៣ ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិតដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់»។សិក្ខាសាលានេះ រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានសិក្ខាកាមមកពីស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិចំនួន២៥ ស្ថានប័នចូលរួម។
នៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មានក្រសួងព័ត៌មាន បានថ្លែងថា ក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់ចេញនូវទស្សនៈវិស័យ ប្រែក្លាយក្រសួងព័ត៌មានជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធិភាព និងគុណភាព និងបានកំណត់នូវទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលក្នុងនោះមានការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន។ ក្រសួងព័ត៌មានបានដាក់ចេញនូវយន្តការជាច្រើនក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងបានចូលរួមជាមួយប្រទេសក្នុងតំបន់ក្នុងក្របខណ្ឌអាស៊ានដោយបានរៀបចំនូវសេចក្តីណែនាំ សេចក្តីប្រកាសនានា និងការបង្កើតក្រុមការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយអាស៊ាន។
ឯកឧត្តមបានឱ្យដឹងទៀតថា ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធិភាព ក្រសួងព័ត៌មានបានដាក់ចេញយន្តការមួយចំនួនរួមមាន៖ទី១.បញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកសារព័ត៌មានអំពីអក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល។ ទី២.រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានអាជីព និងអ្នកសារព័ត៌មានពលរដ្ឋ ទី៣.ពង្រឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំងគុណភាពនៃការផ្សាយ មាតិកានិងវិសាលភាពគ្របដណ្តប់ ទី៤.ពង្រឹងសមត្ថភាពអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន និងទី៥.ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធជាពិសេសក្រុមហ៊ុនបណ្តាញសង្គម។
នៅឆ្នាំ២០២៣កន្លងទៅ ក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយចំនួន៣០០០ករណី ដែលចំនួននេះបានកើនឡើង១៦០% បើធៀបនឹងឆ្នាំ២០២០ ដែលក្រសួងបានកត់ត្រាចំនួន១៣០០ករណី។
ជាការកត់សំគាល់ បច្ចុប្បន្ន អ៊ីនធឺណិតបានក្លាយជាសមរភូមិដ៏មានឥទ្ធិពល សម្រាប់ការផ្សាយព័ត៌មានបន្លំ និងដំណឹងក្លែងក្លាយដែលធ្វើឱ្យខូចដល់ទំនុកចិត្តសាធារណៈចំពោះស្ថាប័នជាតិ បណ្តាលឱ្យមានការបែកបាក់គ្នាក្នុងចំណោមសហគមន៍ ការមិនទុកចិត្ត អស្ថិរភាព ការរំលោភឯកជនភាព និងការរៀបចំវេទិកាអនឡាញសម្រាប់គោលបំណងនយោបាយជាដើម៕ អត្ថបទ៖ទូច សោភ័ណ
Leave a Reply