ក្រសួងព័ត៌មានបានដាក់ចេញយន្តការសំខាន់ៗដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធិភាព

ក្រសួងព័ត៌មានបានដាក់ចេញយន្តការសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមាន​ប្រសិទ្ធិ​ភាព ខណៈឆ្នាំ២០២៣កន្លងទៅ ក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយចំនួន ៣០០០​ករណី ដែលចំនួននេះបានកើនឡើង១៦០% បើធៀបនឹងឆ្នាំ២០២០។

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធិបើក​សិក្ខាសាលា​បណ្តុះបណ្តាល​សារព័ត៌មានមេគង្គលើកទី៣ ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិតដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់»។សិក្ខាសាលានេះ រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយ​ក្លឹប​អ្នកកា​សែត​កម្ពុជា ដោយមានសិក្ខាកាមមកពីស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិចំនួន២៥ ស្ថានប័នចូលរួម។

 

នៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មានក្រសួងព័ត៌មាន បាន​ថ្លែងថា ក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បានដាក់ចេញនូវទស្សនៈវិស័យ ប្រែក្លាយក្រសួងព័ត៌មានជាស្ថាប័នទំនាក់ទំនង​សាធារណៈ​របស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធិភាព និង​គុណភាព និងបានកំណត់នូវទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលក្នុងនោះមានការរៀបចំប្រព័ន្ធ និង​យន្តកា​រ​គ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន។ ក្រសួងព័ត៌មានបានដាក់ចេញនូវយន្តការជាច្រើនក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង​បាន​ចូលរួមជាមួយប្រទេសក្នុងតំបន់ក្នុងក្របខណ្ឌអាស៊ានដោយបានរៀបចំនូវសេចក្តីណែនាំ សេចក្តី​ប្រកាសនានា និងការបង្កើតក្រុមការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយអាស៊ាន។

ឯកឧត្តម​បានឱ្យដឹងទៀតថា ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធិភាព ក្រសួង​ព័ត៌មាន​បាន​ដាក់ចេញយន្តការមួយចំនួនរួមមាន៖ទី១.បញ្ជ្រាប និងលើកកម្ពស់​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកសារព័ត៌មានអំពីអក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល​។​ ទី២.រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានអាជីព និងអ្នកសារព័ត៌មានពលរដ្ឋ ទី៣.​ពង្រឹង​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំងគុណភាពនៃការផ្សាយ មាតិកានិងវិសាលភាពគ្របដណ្តប់ ទី៤.ពង្រឹង​​សមត្ថភាពអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន និងទី៥.ពង្រឹងកិច្ច​សហប្រតិប​ត្តិ​ការ​ជា​មួយ​ភាគី​ពាក់ព័ន្ធជាពិសេសក្រុមហ៊ុនបណ្តាញសង្គម។

នៅឆ្នាំ២០២៣កន្លងទៅ ក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយចំនួន៣០០០ករណី ដែល​ចំនួននេះបានកើនឡើង១៦០% បើធៀបនឹងឆ្នាំ២០២០ ដែលក្រសួងបាន​កត់ត្រា​ចំនួន​១៣០០ករណី។

ជាការកត់សំគាល់ បច្ចុប្បន្ន អ៊ីនធឺណិតបានក្លាយជាសមរភូមិដ៏មានឥទ្ធិពល សម្រាប់ការផ្សាយព័ត៌មានបន្លំ និងដំណឹងក្លែងក្លាយដែលធ្វើឱ្យខូចដល់ទំនុកចិត្តសាធារណៈចំពោះស្ថាប័នជាតិ បណ្តាលឱ្យមានការបែកបាក់គ្នាក្នុងចំណោមសហគមន៍ ការមិនទុកចិត្ត អស្ថិរភាព ការរំលោភឯកជនភាព និងការរៀបចំវេទិកាអនឡាញសម្រាប់គោលបំណងនយោបាយជាដើម៕ អត្ថបទ៖ទូច សោភ័ណ