នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និយាយថា អ៊ីរ៉ង់បង្កើតកំហុសធំជាមួយនឹងការវាយប្រហារដោយមីស៊ីល

ពេលចាប់ផ្តើមជំនួបសន្តិសុខនៅទីក្រុងតែល អាវីវ កាលពីយប់ថ្ងៃអង្គារ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ លើអ៊ីស្រាអែល គឺខុសធ្ងន់ ហើយលោកសន្យាសងសឹក ។

លោកនិយាយថា អ៊ីរ៉ង់ បានបង្កើតកំហសធំកាលពីយប់មិញ ហើយពួកគេនឹងត្រូវសង ។ របបនៅក្នុងប្រទេសអ៊ីរ៉ង់ មិនយល់ពីការប្តេជ្ញាចិត្តរបស់ពួកយើង ដើម្បីការពារខ្លួនឯង ហើយការតាំងចិត្តរបស់ពួកយើង ត្រូវតែសងសឹកសត្រូវរបស់ពួកយើង ។

ក្រុមអាជ្ញាធរ និយាយថា គ្មានអ្នករងរបួស ត្រូវបានរាយការណ៍នោះទេ ប៉ុន្តែបុរសម្នាក់ ត្រូវបានសម្លាប់នៅតំបន់កាន់កាប់វ៉េសប៊ែង ។

ខណៈពេលនោះដែរ សម្ព័ន្ធមិត្តអន្តរជាតិរបស់អ៊ីស្រាអែល បានធ្វើការថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ដែលបានបង្ខំឲ្យមនុស្សរាប់លាននាក់ រត់រកទីជម្រកគ្រាប់បែកនៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា កងកម្លាំងបារាំង ត្រូវបានចល័តនៅតំបន់មជ្ឈិមបូព៌ា ដើម្បីបង្ហាញការប្តេជ្ញាចិត្តប្រទេសរបស់លោកចំពោះសន្តិសុខអ៊ីស្រាអែល ៕