អាជីវករលក់ដូរម្ហូបអាហារ បន្លែ ផ្លែឈើ នៅភ្នំពេញកាក់កបនារដូវបុណ្យភ្ជុំបិណ្ឌនេះ

អាជីវករលក់ដូរ ម្ហូបអាហារ បន្លែ ផ្លែឈើ នៅក្នុងរាជធានីភ្នំពេញ នាឱកាសរដូវបុណ្យភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ បានលក់ដូរកាក់កបខុសថ្ងៃ ធម្មតា និងទទួលបានចំណូលសមរម្យ សម្រាប់ដោះ​ស្រាយ​ជីវភាព​រស់នៅរបស់ពួកគាត់។

អាជីវករលក់ដូរក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នៅរាជធានីភ្នំពេញ ជាពិសេសនៅថ្ងៃទី ១៥ រោជ ត្រូវថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៤ នេះ បានលើកឡើងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ទោះប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួនបានចាកចេញពីទីក្រុងភ្នំពេញ ទៅធ្វើបុណ្យទាននៅ តាមស្រុកកំណើត ឬប្រជា​ពលរដ្ឋ​មួយ​ចំនួន​ផ្សេងទៀត បានចាកចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាក៏ដោយ តែនៅ​មានប្រជាពលរដ្ឋមួយចំនួន ដែលមិនបានចាកចេញ ពួកគាត់គឺត្រូវ​ការ​នូវ​របស់​របរ​សម្រាប់​ផ្គត់ផ្គង់​ការ​ហូប​ចុកប្រចាំថ្ងៃ ជពិសេសការធ្វើម្ហូប អាហារ នំចំណី យកទៅប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​នានាផងដែរ។

អាជីវករទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា ទាក់ទិននៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ជារៀង​រាល់​ឆ្នាំ​ទោះបីក្រុមអាជីវករ លក់របស់របរផ្សេងៗ បានឈប់សម្រាក់ក្នុងការលក់ដូរក៏ដោយ ក៏ពួក​គាត់​នៅ​បន្តការលក់ដូរ ព្រោះថា នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ នេះ ប្រជាពលរដ្ឋ​ដែល​មិន​បាន​ចាក​ចេញ​ពីទីក្រុងភ្នំពេញ ច្បាស់ណាស់ពួកគាត់និងត្រូវការម្ហូបអាហារ បន្លែ ផ្លែឈើ សម្រាប់​ផ្គត់​ផ្គង់ ដល់ការហូបចុក ជាក់ស្តែងនៅក្នុងរយៈពេលនេះ បានធ្វើឱ្យការលក់ដូររបស់ពួកគាត់ លក់​ដាច់​យ៉ាង​ខ្លាំងខុសពីថ្ងៃធម្មតា ដោយរកប្រាក់ ចំណូលបានសមរម្យ សម្រាប់ដោះ​ស្រាយ​ជីវភាព​រស់​នៅ​របស់ពួកគាត់។

សូមបញ្ជាក់ថា នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌម្តងៗ ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ គឺ​មិន​សូវ​ចាកចេញដើរកម្សាន្តនោះឡើយ ព្រោះនៅក្នុងរដូវនេះ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និង​ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជារាស្ដ្រ ទូទាំងកម្ពុជា តែង​តែ​ប្រារព្ធ​មិន​ដែលអាក់ខាន ចាប់ពីថ្ងៃ ១ រោច រហូតដល់ថ្ងៃ ១៥ រោច ខែ ភទ្របទ ដោយមាន​រយៈពេ​ល ១៥ ថ្ងៃ ព្រោះនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋបានធ្វើបុណ្យដាក់បិណ្ឌ ដើម្បី​ឧទ្ទិសកុសល់ដល់ញាតិការទាំង៧សន្តាន ដែលចែកឋាន ទៅកាន់វារៈលោកខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី