ក្រសួងបរិស្ថាន គាំទ្រការអភិវឌ្ឍគោលដៅទេសចរណ៍លំហែបៃតងនៅលើភ្នំគូលែន

សៀមរាប៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំង និងគម្រោងសាងសង់តំបន់​ទេសចរណ៍​លំហែ​បៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន «ភ្នំគូលែន» កាលពីទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានសម្រេច សាងសង់​ក​ន្លែងបោះតង់សម្រាកលំហែ តាមបែបរចនាបទខ្មែរ នៅក្នុងធម្មជាតិ ចំនួន១០កន្លែង ក្នុង​ជំហានដំបូង នៅសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា គម្រោងរៀបចំរបៀងសហគមន៍តំបន់ការពារធម្មជាតិទាំង៥ នៅលើខ្នង​ភ្នំគូលែន ដោយទទួលផលប្រយោជន៍ពីគម្រោងភ្ជាប់ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ តាមរយៈគម្រោងអភិវឌ្ឍទេសចរណ៍លំហែបៃតង។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី​បាន​ស្នើ​សុំ​ឱ្យ​មានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់គម្រោង​ដែល​ផ្តល់​ភាព​ជាម្ចាស់​ដល់​សហគមន៍ ព្រោះប្រជាពលរដ្ឋអាចទទួលបានប្រយោជន៍​ពី​ការផ្តល់សេវា​កម្មផ្សេ​ង​ៗ​ដល់​ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ និងធានាបាននូវ​ការការពារ និង​អភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្តរបស់ខ្មែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សម្រាប់គម្រោងនេះ នឹងធ្វើឱ្យ​ប្រជាពលរដ្ឋ ដែលរស់នៅ តំបន់ជុំវិញតំបន់ការពារ ធនធានធម្មជាតិ មានជីវភាពល្អប្រសើរ ពិសេស​ស្នើសុំឱ្យពួកគាត់បញ្ឈប់ ការកាប់ទន្ទ្រានព្រៃឈើ បរបាញ់សត្វព្រៃ មកប្រកប​មុខរបរ​នាំ​ភ្ញៀវទេសចរទស្សនាព្រៃ និងសត្វព្រៃ និងផ្តល់សេវាទេសចរណ៍ធម្មជាតិជាដើម។ លើសពីនេះ សុំ​ចូលរួម​យុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញឱ្យអនុវត្តតាម​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្តចម្បងចំនួន៣គឺ ស្អាត បៃតង និងចីរភាព។ ក្រសួងបរិស្ថានគ្រោងផ្តល់មធ្យោបាយគ្រប់គ្រងសំរាម រួមមានយានយន្តដឹក ជញ្ជូន និង​ឡដុត​សំរាម ដើម្បីសំដៅធ្វើយ៉ាងណាបរិស្ថានស្អាតល្អ ដែលជាទីទាក់ទាញវិស័យទេសចរណ៍។

សូមបញ្ជាក់ថា បច្ចុប្បន្ន ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មាន​សហគមន៍តំបន់​ការពារ​ធម្មជាតិ​ចំនួន៥ ដូចជា «សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ» «សហគមន៍​ព្រៃធំ​ពពេល» «សហគមន៍ព្រៃភ្នំក្ដួច» «សហគមន៍ព្រៃភ្នំម្នាស់» និង «សហគមន៍ជប់តាសុខ» នៅក្នុង​ភូមិសាស្រ្ត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលសុទ្ធសឹង តែជាតំបន់ដែលមានព្រៃឈើក្រាស់ មាន​ទេសភាពស្រស់ស្អាត ហើយអាចឱ្យទេសចរជាតិ អន្តរជាតិ អាចបោះតង់ អាចសម្រាក​ក្បែរ​មាត់ទឹក និងទស្សនាទឹកធ្លាក់ ប្រាសាទបុរាណ និងបុរាណស្ថាននានា ក្នុងព្រៃជាច្រើន​ទៀតផង៕ អត្ថបទ៖ទូច សោភ័ណ