ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសុំទោសដល់សមភាគីអ៊ុយក្រែន លោក Volodymyr Zelenskyy ចំពោះការពន្យារពេលជំនួយយោធារបស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ មេដឹកនាំទាំងពីរ បានជួបគ្នានៅទីក្រុងប៉ារីស កាលពីថ្ងៃសុក្រ នៅខាងក្រៅព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ នៃជ័យជម្នះឡើងដល់ដីគោក ឬ D-Day ។
លោក Biden បាននិយាយថា សភារបស់សហរដ្ឋអាមេរិក មានបញ្ហាក្នុងការទទួលសេចក្តីស្នើច្បាប់ ដោយសារតែសមាជិកគណបក្សសាធារណរដ្ឋ ដែលអភិរក្សនិយមបំផុត កំពុងគ្រប់គ្រងវិធានការនេះ។ លោកបានបញ្ជាក់ថា ប្រជាជនអាមេរិកនៅតែ ឈរជាមួយប្រជាជនអ៊ុយក្រែន ហើយបានសរសើរពីភាពស៊ូទ្រាំរបស់ពួកគេក្នុងការប្រឈមមុខទៅនឹងការឈ្លានពានរបស់រុស្ស៊ី។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់អ៊ុយក្រែន ក្នុងការជួយឧបត្ថម្ភក្នុងពេលសង្គ្រាម។
លោក Biden បានប្រើឱកាសនេះ ដើម្បីប្រកាសកញ្ចប់ជំនួយទី៦របស់លោក។ វាគឺជាជំនួយបន្ថែម ២២៥លានដុល្លារ ដែលរួមបញ្ចូលទាំងប្រព័ន្ធការពារដែនអាកាស និងកាំភ្លើងធំ រួមជាមួយសព្វាវុធប្រឆាំងរថក្រោះ។
លោក Zelenskyy បាននិយាយថា វាមានសារៈសំខាន់ខ្លាំង ដែលប្រជាជនអាមេរិក ឈរនៅជាមួយអ៊ុយក្រែន ដូចដែលវាស្ថិតនៅក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ដែលនៅពេលនោះ សហរដ្ឋអាមេរិក បានជួយសង្គ្រោះជីវិតមនុស្ស និងជួយសង្គ្រោះអឺរ៉ុប។
លោក Biden និងលោក Zelenskyy នឹងជួបគ្នាម្តងទៀតនៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬ G7 នៅសប្រាហ៍ក្រោយ ក្នុងប្រទេសអ៊ីតាលី។
មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សា ពីមធ្យោបាយដើម្បីប្រើប្រាស់ ប្រាក់ចំណូលពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីផ្តល់មូលនិធិបន្ថែមសម្រាប់ប្រទេសអ៊ុយក្រែន។
Leave a Reply