លោក Putin ចង់បានបទឈប់បាញ់នៅអ៊ុយក្រែន នៅលើសមរភូមិបច្ចុប្បន្ន

ប្រភពព័ត៌មានចំនួន៤ បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ដោយមានបទឈប់បាញ់ដែល​បានចរចាទទួលស្គាល់ខ្សែបន្ទាត់សមរភូមិបច្ចុប្បន្ន និងនិយាយថា លោកបានត្រៀមខ្លួន ដើម្បីប្រយុទ្ធបន្ត ប្រសិនបើទីក្រុងគីវ និងប្រទេសលោកខាងលិច មិនឆ្លើយតប។

ប្រភពព័ត៌មានចំនួនបី ដែលដឹងច្បាស់ពីកិច្ចពិភាក្សានៅក្នុងក្រុមរបស់លោកពូទីន ​បាននិយាយថា មេដឹកនាំរុស្ស៊ីជើងចាស់ បានសម្តែងការខកចិត្តចំពោះក្រុមទីប្រឹក្សាមួយចំនួន អំពីអ្វីដែល​លោកចាត់ទុកថា ជាការប៉ុនប៉ងគាំទ្រដោយប្រទេសលោកខាងលិច ក្នុងការរារាំងការចរចារ និងការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដើម្បីបដិសេធការចរចា។

ប្រភពពីមន្ត្រីរុស្ស៊ីជាន់ខ្ពស់ម្នាក់ ដែលធ្វើការជាមួយលោក ពូទីន និងដឹងអំពីការសន្ទនាកម្រិតខ្ពស់ បាននិយាយថាលោក ពូទីន អាចប្រយុទ្ធកាន់តែយូរតាមដែលខ្លួនត្រូវការ ប៉ុន្តែលោកពូទីន ក៏ត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់ ដើម្បីបញ្ឈប់សង្រ្គាមផងដែរ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅលើបណ្តាញ X ថា មេដឹកនាំរុស្ស៊ី កំពុងព្យាយាមងាកចេញពីកិច្ចប្រជុំកំពូលសន្តិភាពដែលផ្តួចផ្តើមដោយអ៊ុយក្រែន នៅប្រទេសស្វីស នៅខែក្រោយ ដោយប្រើមន្ត្រីរបស់លោកដើម្បីបញ្ជូន «សញ្ញាក្លែងក្លាយ» អំពីការត្រៀមខ្លួនដើម្បីបញ្ឈប់សង្គ្រាម។

លោក Kuleba និយាយថា ​បច្ចុប្បន្នលោក ពូទីន ពុំមានបំណងប្រាថ្នាចង់បញ្ចប់ការឈ្លានពាន​របស់លោក ទៅលើអ៊ុយក្រែននោះទេ៕