តុលាការកំពូលរបស់ UN បង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយលុកនៅទីក្រុង Rafah

តុលាការកំពូលរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានបង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ប្រតិបត្តិការយោធានៅទីក្រុង Rafah ជាការចេញសេចក្តីសម្រេចដ៏សំខាន់ ទំនងជាដើម្បីបង្កើនសម្ពាធជាអន្តរជាតិលើប្រទេសអ៊ីស្រាអែលសម្រាប់បទឈប់បាញ់ ខណៈសង្គ្រាមកើតឡើងមានរយៈពេលជាងប្រាំពីរខែ បង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។
តុលាការយុត្តិធម៌អន្តរជាតិ(ICJ) បានទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ទាំងអស់ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ប៉ុន្មានម៉ោងបន្ទាប់ពីយោធាអ៊ីស្រាអែលបានប្រកាសថា ទាហានបានរកឃើញសាកសពចំណាប់ខ្មាំងបីនាក់បន្ថែមទៀត នៅភាគខាងជើងតំបន់ហ្កាហ្សា។
តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ បង្គាប់ឲ្យមានកាតព្វកិច្ចស្របច្បាប់ ប៉ុន្តែខ្វះយន្តការអនុវត្តដោយផ្ទាល់ ក៏បានបង្គាប់ឱ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់ទីក្រុង Rafah រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល បានបិទកាលពីដើមខែនេះ នៅពេលចាប់ផ្តើមការវាយលុកលើទីក្រុង។ សេចក្តីបង្គាប់នេះ ធ្វើឡើងនៅមុនកិច្ចប្រជុំដាច់ដោយឡែកពីគ្នា ស្តីពីជម្លោះតំបន់ហ្កាហ្សា នៅទីក្រុងប៉ារីស ប្រទេសបារាំង រវាងប្រធានទីភ្នាក់ងារ CIA និងអ្នកតំណាងអ៊ីស្រាអែលនៅភាគីម្ខាង ប្រធានាធិបតីបារាំង លោក Emmanuel Macron និងរដ្ឋមន្ត្រីការបរទេសនៃរដ្ឋអារ៉ាប់សំខាន់ៗ ចំនួនបួន នៅភាគីម្ខាង។

នៅក្នុងការចេញសេចក្តីសម្រេច ដែលរង់ចាំយ៉ាងអន្ទះសារ តុលាការយុត្តិធម៌អន្តរជាតិ(ICJ) បាននិយាយថា អ៊ីស្រាអែល ត្រូវតែបញ្ឈប់ការវាយលុកដោយយោធារបស់ខ្លួនជាបន្ទាន់ ព្រមទាំងការធ្វើសកម្មភាពផ្សេងទៀតណាមួយ នៅក្នុងទីក្រុង Rafah ដែលអាចប៉ះពាល់ដល់អាយុជីវិតពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។ តុលាការអង្គការសហប្រជាជាតិ បាននិយាយថា អ៊ីស្រាអែល ត្រូវតែ «រក្សាការបើកច្រកឆ្លងកាត់ទីក្រុង Rafah សម្រាប់ការដឹកជញ្ជូនជំនួយដោយគ្មានការរារាំង ក្នុងកម្រិតនៃសេវាមូលដ្ឋានដែលត្រូវការជាបន្ទាន់ និងដើម្បីផ្តល់ជំនួយមនុស្សធម៌។

តុលាការយល់ឃើញថា វាគួឲ្យព្រួយបារម្ភយ៉ាងខ្លាំង ដែលចំណាប់ខ្មាំងជាច្រើននាក់ នៅតែស្ថិតក្នុងការឃុំខ្លួន ហើយបានបញ្ជាក់ជាថ្មីម្តងទៀតឲ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។