សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ និងភាគីពាក់ព័ន្ធ ពង្រឹងការអប់រំស្តីពីការប្រឆាំងអំពើពុករលួយ ឱ្យមានវិសាលភាពចូលជ្រៅ ទៅក្នុងស្រទាប់សង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ និងភាគីពាក់ព័ន្ធ ពង្រឹងការអប់រំស្តីពីការប្រឆាំងអំពើពុករលួយ ឱ្យមានវិសាលភាពគ្របដណ្ដប់បានកាន់តែទូលាយ ចូលកាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងសាលា-ក្រៅសាលា ទាំងក្នុងស្ថាប័នសាធារណៈ ឯកជន និងសង្គមស៊ីវិល ទាំងមុន ចេញធ្វើការ និងក្នុងពេលធ្វើការ។

ជាមួយគ្នានោះ សម្តេចបវរធិបតី បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជា ស្ថាប័ន និងតួអង្គពាក់ព័ន្ធរួមគ្នាអនុវត្តនូវសកម្មភាពគន្លឹះៗមួយចំនួនទៀតដូចខាងក្រោម ៖

១. ជំរុញការបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈ រួមមានការផ្តល់សេវាសាធារណៈបានកាន់តែមានតម្លាភាព និងគណនេយ្យភាព – ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ – ការការពារបុគ្គលរាយការណ៍ – ការដាក់វិន័យ និងទោសទណ្ឌ -ល-។

២. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នសាធារណៈ ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ស្ថាប័ននីតិប្បញ្ញត្តិ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងប្រព័ន្ធ ផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ឱ្យបានកាន់តែរលូន និងមានប្រសិទ្ធភាព។

៣. ការងារប្រឆាំងអំពើពុករលួយ ត្រូវការការរួមគ្នាពីគ្រប់ភាគី ហើយភាពស្អាតស្អំ ត្រូវតែកើតចេញពីផ្ទះ នៃភាគីនីមួយៗ ស្ថាប័ននីមួយៗ។ អង្គភាពប្រឆាំងអំពើពុករលួយដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវដើរតួនាទី ជំរុញ និងសម្របសម្រួលចំពោះកិច្ចសហប្រតិបត្តិការចាំបាច់នានា ទាំងក្នុងការងារអប់រំ និងបង្ការទប់ស្កាត់ជាមួយដៃគូទាំងអស់ ដោយផ្តោតជាពិសេសលើការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល និងស្របជាមួយផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដាក់ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

និង៤. ដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់គ្រងស្ថាប័ន មន្ត្រីរាជការទាំងអស់ត្រូវចងចាំនូវអភិក្រមទាំង ៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ជាត្រីវិស័យបង្ហាញផ្លូវក្នុងការបំពេញតួនាទីភារកិច្ច និងការរស់នៅ ប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ។

គួរបញ្ជាក់ផងដែរថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំនេះ ផ្តោតលើការផ្តល់សេវាសាធារណៈល្អ ក្រោមប្រធានបទ “សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ” ត្រូវបានជ្រើសរើសសំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និង ផ្តល់សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច។ ដើម្បីការងារនេះអាចសម្រេចទៅបានប្រកបដោយប្រសិទ្ធភាព ចាំបាច់នូវរដ្ឋបាលសាធារណៈ ដែលស្អាតស្អំ ដែលបម្រើរាស្ត្រ បម្រើរដ្ឋប្រកបដោយមនសិការ និងការយកចិត្តទុកដាក់ ទទួល ខុសត្រូវ ក៏ដូចជាការចូលរួមពីគ្រប់ភាគីទាំងអស់ផងដែរ។ ដោយ៖ កន ចំណាន