ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់ប្រភពពីវិមានក្រឹមឡាំងថា លោកប្រធានាធិបតីរបស់ប្រទេសស៊ីរី Bashar al-Assad និងក្រុមគ្រួសាររបស់លោកបានមកដល់ទីក្រុងមូស្គូ ហើយត្រូវបានផ្តល់សិទ្ធិជ្រកកោនក្រោមហេតុផលមនុស្សធម៌។
ទូរទស្សន៍រដ្ឋរុស្ស៊ីក៏បានរាយការណ៍ព័ត៌មាននេះផងដែរ ដែលបញ្ចប់ការរំពឹងទុកអំពីកន្លែងលាក់ខ្លួនរបស់អតីតប្រធានាធិបតីស៊ីរីរូបនេះ បន្ទាប់ពីកងកម្លាំងឧទ្ទាមដណ្តើមកាន់កាប់រដ្ឋធានីដាម៉ាស់។
ភ្លាមៗ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា លោក Assad បានសម្រេចចិត្តលាលែងពីតំណែងប្រធានាធិបតី ហើយបានចាកចេញពីប្រទេស ដោយផ្តល់ការណែនាំសម្រាប់ការផ្ទេរអំណាចដោយសន្តិវិធីឲ្យទៅក្រុមទ្ទាម។
ប្រទេសរុស្ស៊ី ដែលមានមូលដ្ឋានយោធាសំខាន់ពីរនៅក្នុងប្រទេសស៊ីរី គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោក Assad និងបានធ្វើអន្តរាគមន៍ក្នុងសង្គ្រាមស៊ីវិលរយៈពេល ១៣ ឆ្នាំរបស់ប្រទេសស៊ីរីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាលោកឱ្យកាន់អំណាច។
ក្រុមឧទ្ទាមបាននិយាយថាពួកគេបានចូលទៅក្នុងរដ្ឋធានីដោយគ្មានសញ្ញានៃការដាក់ពង្រាយកងទ័ព។ អ្នកឃើញហេតុការណ៍បាននិយាយថា មនុស្សរាប់ពាន់នាក់នៅក្នុងរថយន្ត និងអ្នកថ្មើរជើង បានប្រមូលផ្តុំគ្នានៅទីលានធំមួយ គ្រវីទង់ជាតិ និងស្រែកថាសេរីភាព រួចផុតពីការគ្រប់គ្រងរបស់គ្រួសារ លោកAssad រយៈពេលកន្លះសតវត្ស៕
Leave a Reply