មេបញ្ជាការសំខាន់នៃក្រុមយុទ្ធជនដែលបានផ្តួលរំលំរបបដឹកនាំលោកប្រធានាធិបតី Bashar al-Assad បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកនឹងរំលាយកងកម្លាំងសន្តិសុខនៃអតីតរបបនេះ បិទពន្ធនាគារ និងតាមប្រមាញ់ជនណាដែលពាក់ព័ន្ធការធ្វើទារុណកម្ម ឬសម្លាប់អ្នកជាប់ឃុំ។
មេដឹកនាំក្រុមឧទ្ទាមស៊ីរីលោកអាម៉ាត់ អាល់-ហ្សារ៉ា (Ahmad al-Sharaa)ត្រូវបានគេស្គាល់ឈ្មោះថា អាប៊ូ មហាម៉េត អាល់ -ហ្គោឡានី (Abu Mohammed al-Golani) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងរំលាយកងកម្លាំងសន្តិសុខរបបចាស់ និងបិទពន្ធនាគារដ៏ល្បីល្បាញ។
លោក ហ្សារ៉ា ដែលជាអតីតសាខារបស់អាល់កៃដា Hayat Tahrir al-Sham (HTS) ឥឡូវនេះគឺជាកម្លាំងដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនេះ ត្រូវតែមានតុល្យភាពការទាមទារយុត្តិធម៌ពីជនរងគ្រោះជាមួយនឹងតម្រូវការដើម្បីទប់ស្កាត់ការសងសឹកដោយហិង្សា និងទទួលបានជំនួយអន្តរជាតិ។
ប្រជាជនស៊ីរីបានសម្រុកទៅកាន់ពន្ធនាគារដ៏ល្បី ដែលរបបលោក Assad ត្រូវបានគេប៉ាន់ប្រមាណថាបានឃុំឃាំងមនុស្សរាប់ម៉ឺននាក់ ដើម្បីស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេយ៉ាងអស់សង្ឃឹម។ អ្នកខ្លះត្រូវបានគេដោះលែងទាំងនៅមានជីវិត ខ្លះទៀតត្រូវបានគេកំណត់អត្តសញ្ញាណក្នុងចំណោមអ្នកស្លាប់ ហើយរាប់ពាន់នាក់ទៀតមិនទាន់រកឃើញនៅឡើយទេ។
មេដឹកនាំចលនាឧទ្ទាមរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅលើ Telegram របស់ទូរទស្សន៍រដ្ឋស៊ីរីថា មនុស្សដែលចូលរួមធ្វើទារុណកម្ម ឬសម្លាប់អ្នកជាប់ឃុំ នឹងត្រូវបានតាមប្រមាញ់ ហើយគ្មានការលើកលែងទោសឡើយ៕
Leave a Reply