សារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា នគរបាលកូរ៉េខាងត្បូង បានព្យាយាមចូលឆ្មក់ឆែកឆេរការិយាល័យលោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃពុធ (១១ ធ្នូ) ប៉ុន្តែមិនអាចចូលទៅក្នុងអគារធំបានទេ ក្នុងការស៊ើបអង្កេតលើមេដឹកនាំប្រទេសសម្ព័ន្ធមិត្តអាមេរិករូបនេះ ជុំវិញច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស។
ការប៉ុនប៉ងឆែកឆេរការិយាល័យប្រធានាធិបតីនេះ បានបង្កើនកម្រិតនៃការស៊ើបអង្កេតប្រឆាំងនឹងលោក Yoon រួមទាំងមន្ត្រីនគរបាល និងយោធាជាន់ខ្ពស់ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូ ដែលបានធ្វើឱ្យប្រទេសសេដ្ឋកិច្ចធំជាងគេទី៤ របស់អាស៊ី ធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញ។
មន្ត្រីសេវាសន្តិសុខប្រធានាធិបតី បាននិយាយកាលថ្ងៃពុធថា ការចុះឆ្មក់របស់នគរបាលលើការិយាល័យរបស់លោក Yoon កំពុងតែដំណើរការ ដោយបញ្ជាក់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅពេលនោះ ប៉ុន្តែក្រោយមក សារព័ត៌មានយ៉ុនហាប់ បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតដែលនៅក្នុងបរិវេណវិមានប្រធានាធិបតី មិនទាន់អាចចូលទៅក្នុងអគារធំនៅឡើយទេ។
កាសែតយ៉ុនហាប់ បន្តថា ដោយសារតែនគរបាលមិនអាចព្រមព្រៀងជាមួយសេវាសម្ងាត់បានលើវិធីសាស្រ្តនៃការរឹបអូស និងការស្វែងរកនោះឡើយ។ នគរបាលបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។ គួរបញ្ជាក់ថា ឥឡូវនេះលោក Yoon រងការស៊ើបអង្កេតព្រហ្មទណ្ឌលើការចោទប្រកាន់ពីបទបះបោរ ហើយត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ប៉ុន្តែលោកមិនត្រូវបានចាប់ខ្លួន ឬសាកសួរដោយអាជ្ញាធរទេ៕
Leave a Reply