លោក ពូទីន៖ កូរ៉េខាងត្បូងនឹងបង្កើត «កំហុសឆ្គងដ៏ធំមួយ» បើខ្លួនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ថា កូរ៉េខាងត្បូងនឹងបង្កើត «កំហុសដ៏ធំមួយ» ប្រសិនបើខ្លួនសម្រេចចិត្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយថាទីក្រុងមូស្គូ នឹងឆ្លើយតបចំពោះទង្វើបែបនេះ តាមរបៀបមួយដែលជាការឈឺចាប់សម្រាប់ទីក្រុងសេអ៊ូល។

លោក ពូទីន ដែលលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅប្រទេសវៀតណាម បានកំពុងប្រតិកម្មតបទៅនឹងរបាយការណ៍ពីសារព័ត៌មានយ៉ុនហាប់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលបាននិយាយថា កូរ៉េខាងត្បូង នឹងពិនិត្យមើលលទ្ធភាពនៃការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បន្ទាប់ពីលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការការពារគ្នាទៅវិញទៅមកមួយថ្ងៃមុននោះ។

លោក ពូទីន បាននិយាយថា ទីក្រុងសេអ៊ូល មិនមានអ្វីដែលត្រូវព្រួយបារម្ភទេ ចំពោះកិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងកូរ៉េខាងជើង។ លោកបានព្រមានក្រុងសេអ៊ូល ប្រឆាំងនឹងការបញ្ជូនអាវុធឱ្យទីក្រុងគីវ។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា «កូរ៉េខាងត្បូង មិនមានអ្វីត្រូវព្រួយបារម្ភនោះឡើយ ពីព្រោះជំនួយយោធារបស់យើងក្រោមសន្ធិសញ្ញាដែលបានចុះហត្ថលេខានោះ កើតឡើងបានលុះត្រាតែការឈ្លានពានត្រូវបានអនុវត្តប្រឆាំងនឹងប្រទេសហត្ថលេខីណាមួយប៉ុណ្ណោះ»។

លោកបន្តថា៖ «ចំពោះការផ្គត់ផ្គង់អាវុធដែលអាចបង្កគ្រោះថ្នាក់ដល់តំបន់សង្គ្រាមអ៊ុយក្រែន នោះនឹងជាកំហុសឆ្គងដ៏ធេងធំណាស់»។ លោកបន្ថែមថា «ខ្ញុំសង្ឃឹមថារឿងនេះនឹងមិនកើតឡើងទេ។ ហើយប្រសិនបើវាកើតឡើងនោះ យើងក៏នឹងធ្វើការសម្រេចចិត្តសមស្រប ដែលទំនងជាមិនពេញចិត្តដល់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះទេ»៕