សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក​សមាជិកាសមាគមឧកញ៉ាកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និង​សមាជិកសមាជិកាសមាគមឧកញ៉ាកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល​កាកបាទ​ក្រហមកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា ដែលមានលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន​បាន​បរិច្ចា​គ​ថវិកា​ចំនួន ១,៥៥៥,៥៥៥ ដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​ទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោម​ប្រធាន​បទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមាន​ភាពធន់​នឹងអាកាសធាតុ»។

សមាគមឧកញ៉ាកកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើមរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បាន​ធ្វើ​ឱ្យ​សមាគម​ឧកញ៉ានេះ មានការរីកចម្រើនរុងរឿងជាបន្ដបន្ទាប់។ ពិសេស​សមាគម​មួយ​នេះ​បាន​ចូលរួម​ធ្វើស​កម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តម​ប្រយោជន៍​សម្រាប់​ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌៕