សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅខណ្ឌកំបូល

នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងសហគមក្រីក្រសរុបចំនួន ៤.១៨៧ ករណី រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មីX , ពិនិត្យឈាម, ក្នុងនោះករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលបន្តមានចំនួន ៥៦ ករណី ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណ សាលាបឋមសិក្សាទ្រនំជ្រឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការចូលរួមផងពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, យុវជនអ.ម.ត, យុវជនស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធជាតិកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានចង្អុលបង្ហាញដល់ក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលពួកគាត់ ។

រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផ្ទាល់៕