រុស្ស៊ី អាចកាត់បន្ថយពេលវេលាសម្រេចចិត្ត សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

ប្រធានគណៈកម្មាធិការការពារជាតិរបស់សភារុស្ស៊ី បាននិយាយថា ប្រទេសដែលជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក មួយនេះ អាចកាត់បន្ថយពេលវេលាសម្រេចចិត្តដែលមានចែងក្នុងគោលនយោបាយផ្លូវការសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុងមូស្គូជឿជាក់ថាមានការគំរាមកំហែងកើនឡើង។

ដោយសារសង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានការប្រឈមដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ លោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីខែមុនថា រុស្ស៊ីអាចនឹងផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែរជាផ្លូវការ ដោយកំណត់លក្ខខណ្ឌដែលអាវុធបែបនេះអាចប្រើប្រាស់បាន។

កាលពីថ្ងៃអាទិត្យ លោក អាន់ដ្រេ កាតាប៉ូឡូវ (Andrei Kartapolov) ប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ដោយនិយាយថា ប្រសិនបើការគំរាមកំហែងកើនឡើង នោះពេលវេលានៃការសម្រេចចិត្តសម្រាប់ការប្រើប្រាស់អាវុធបែបនេះអាចនឹងត្រូវផ្លាស់ប្តូរ។

ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីមន្ត្រីរូបនេះ ថា ប្រសិនបើយើងមើលឃើញថាបញ្ហាប្រឈម និងការគំរាមកំហែងកើនឡើង មានន័យថាយើងអាចកែតម្រូវអ្វីមួយនៅក្នុងគោលការណ៍ ទាក់ទងនឹងពេលវេលានៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងការសម្រេចចិត្តក្នុងការប្រើប្រាស់អាវុធនេះ៕