ចិន និងអឺរ៉ុប ព្រមានអាមេរិក ខណៈលោក Trump ដំឡើងពន្ធថ្មីលើដែកថែប និងអាលុយមីញ៉ូម

គណៈកម្មការអឺរ៉ុប កាលពីថ្ងៃចន្ទ (១០ កុម្ភៈ) បានច្រានចោលហេតុផលសម្រាប់ការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក លើការនាំចេញរបស់អឺរ៉ុប ដោយបានព្រមាន និងប្តេជ្ញាការពារអាជីវកម្ម កម្មករ និងអ្នកប្រើប្រាស់នៅទូទាំងប្លុកនេះ ខណៈចិនក៏បានព្រមានជាថ្មីថា ពុំមានអ្នកឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មទេ។

សេចក្តីថ្លែងការណ៍ទាំងនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញក្រឹត្យយកពន្ធបន្ថែម ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីគ្រប់ប្រទេសទាំងអស់ ដោយបង្កការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិក។

មេដឹកនាំសហភាពអឺរ៉ុប បានថ្កោលទោសយ៉ាងឆាប់រហ័សចំពោះពន្ធថ្មីរបស់អាមេរិក ដោយនិយាយថា មិនមាន “យុត្តិកម្ម” សម្រាប់វិធានការរបស់ទីក្រុងវ៉ាស៊ីនតោននេះទេ ខណៈហៅពន្ធថ្មីនេះថាខុសច្បាប់ និងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច ហើយបណ្ដាប្រទេសអឺរ៉ុបមួយចំនួនកំពុងថ្លឹងថ្លែងវិធានការសងសឹក។

ជាមួយគ្នានេះ បន្ទាប់ពីពន្ធសងសឹករបស់ចិន ដែលផ្តោតលើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវរបស់អាមេរិ បានចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក កៅ ជាឃុន (Guo Jiakun) បានព្រមានជាថ្មីថា “ពុំមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមពន្ធគយនោះទេ”។

លោក Trump ដែលបានសន្យាថាជា “យុគសម័យមាសថ្មី” សម្រាប់សហរដ្ឋអាមេរិក បានទទូចថា ផលប៉ះពាល់នៃការដំឡើងពន្ធណាមួយ នឹងត្រូវដាក់បន្ទុកទៅលើអ្នកនាំចេញបរទេសប៉ុណ្ណោះ ហើយឥទ្ធិពលអវិជ្ជមានមិនត្រូវបានបញ្ជូនបន្តទៅអ្នកប្រើប្រាស់អាមេរិកឡើយ ទោះបីជាអ្នកជំនាញភាគច្រើននិយាយផ្ទុយពីនេះក៏ដោយ៕