នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថាបទឈប់បាញ់ហ្កាហ្សា នឹងចប់ ប្រសិនបើក្រុមហាម៉ាស មិនដោះលែងចំណាប់ថ្នូរ

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រកាសកាលពីថ្ងៃអង្គារ ១១កុម្ភៈ ថា បទឈប់បាញ់នៅហ្កាហ្សានឹងបញ្ចប់ ហើយយោធានឹងបន្តប្រយុទ្ធជាមួយក្រុមហាម៉ាស រហូតក្រុមនេះចាញ់ បើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមិនដោះលែងចំណាប់ខ្មាំងនៅពាក់កណ្តាលថ្ងៃសៅរ៍ទេនោះ។
បន្ទាប់ពីឱសានវាទរបស់លោក Netanyahu ក្រុមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍បន្តការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងចោទប្រកាន់អ៊ីស្រាអែលពីបទបង្កគ្រោះថ្នាក់ដល់បទឈប់បាញ់។
ការប្រកាសរបស់អ៊ីស្រាអែលបានធ្វើឡើងបន្ទាប់ពីលោក Netanyahu បានជួបជាមួយក្រុមរដ្ឋមន្ត្រីសំខាន់ៗមួយចំនួន រួមទាំងការពារជាតិ កិច្ចការបរទេស និងសន្តិសុខជាតិ ដែលលោកបាននិយាយថាបានផ្តល់ឱសានវាទនូវការគាំទ្រពេញលេញរបស់ពួកគេ។
លោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមានកាលពីថ្ងៃចន្ទ ១០ កុម្ភៈ ថា ក្រុមហាម៉ាស គួរតែដោះលែងចំណាប់ថ្នូរទាំងអស់ ដែលបានចាប់ខ្លួន នៅត្រឹមពាក់កណ្តាលថ្ងៃសៅរិ៍សប្ដាហ៍នេះ ពុំនោះលោកនឹងស្នើឱ្យលុបចោលបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស ហើយកម្ទេចក្រុមនេះចោល។
បន្ទាប់ពីសង្គ្រាមជិត១៦ខែក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងជាបណ្តើរៗ ចាប់តាំងពីដំណាក់កាលដំបូងនៃបទឈប់បាញ់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៩ខែមករាប៉ុន្តែកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួននឹងមិនដោះលែងទៀតទេ រហូតដល់មានការជូនដំណឹងបន្ថែមជុំវិញការចោទប្រកាន់អ៊ីស្រាអែល ថាកំពុងរំលោភលើកិច្ចព្រមព្រៀងនេះ។
លោក Netanyahuថា ប្រសិនបើក្រុមហាម៉ាសមិនប្រគល់ចំណាប់ខ្មាំងរបស់យើងវិញនៅរសៀលថ្ងៃសៅរ៍ ទេ បទឈប់បាញ់នឹងបញ្ចប់ ហើយយោធានឹងវិលទៅរកការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារហូតដល់ក្រុមហាម៉ាសត្រូវបានកម្ចាត់។គេមិនច្បាស់ភ្លាមៗទេថាតើលោក Netanyahu មានន័យថាក្រុមហាម៉ាសគួរតែដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានឃុំខ្លួននៅក្នុងហ្កាហ្សា ឬគ្រាន់តែបីនាក់ដែលត្រូវបានរំពឹងថានឹងត្រូវបានដោះលែងនៅថ្ងៃសៅរ៍ក្រោមបទឈប់បាញ់ឬយ៉ាងណា៕