លោក Trump ជំរុញឱ្យហ៊្សកដានី ទទួលយកពលរដ្ឋហ្កាហ្សា ប៉ុន្តែត្រូវបានបដិសេធ

លោក Trump ជំរុញឱ្យហ៊្សកដានី ទទួលយកពលរដ្ឋហ្កាហ្សា ប៉ុន្តែត្រូវបានបដិសេធ
លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអង្គារ (១១ កុម្ភៈ) បានជំរុញឱ្យព្រះមហាក្សត្រ Abdullah នៃប្រទេសហ្ស៊កដានី រាជានុញ្ញាតទទួលយកជនជាតិប៉ាឡេស្ទីន ដែលនឹងត្រូវផ្លាស់ទីលំនៅជាអចិន្ត្រៃយ៍ក្រោមផែនការរបស់ប្រធានាធិបតីរូបនេះក្នុងការឱ្យសហរដ្ឋអាមេរិក កាន់កាប់តំបន់ហ្កាហ្សាស្រ្ទីប ប៉ុន្តែព្រះមហាក្សត្រនៃរាជាណាចក្រហ៊្សកដានី មានបន្ទូលប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើនេះ។
ថ្លែងរួមគ្នាជាមួយព្រះមហាក្សត្រហ៊្សកដានីនៅក្នុងសេតវិមាន លោក Trump ផ្ដល់សញ្ញាថា លោកនឹងមិនច្រានចោលឡើយនូវគំនិតរបស់ខ្លួន ដែលពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅរបស់អ្នកស្រុកហ្កាហ្សា និងការផ្លាស់ប្តូរដែនដីដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ ទៅជាអ្វីដែលលោកហៅថា “តំបន់ឆ្នេរលំហែកាយមជ្ឈិមបូព៌ា”។
លោក Trump និយាយនៅការិយាល័យប្រធានាធិបតីថា “អាមេរិកនឹងយក ហើយនិងមើលថែដែនដីហ្កាហ្សា” ដោយសង្កត់ធ្ងន់ថា ផែនការរបស់លោកនឹង “នាំមកនូវសន្តិភាព” ដល់តំបន់។ ក្រោយមក ព្រះអង្គ Abdullah មានបន្ទូលជាការឆ្លើយតប និងរំលឹកឡើងវិញដល់លោក Trump នូវ “ជំហរដ៏ខ្ជាប់ខ្ជួន” របស់ហ៊្សកដានី ក្នុងការប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ក៏ដូចជានៅតំបន់កាន់កាប់ វេសបែង ដែលមានព្រំប្រទល់ជាប់ប្រទេសរបស់ទ្រង់។
នៅមុននោះ លោក Trump បានធ្វើឱ្យពិភពអារ៉ាប់ខឹងសម្បារជាថ្មីម្ដងទៀតរួចទៅហើយ ជុំវិញការលើកឡើងថា ប្រជាជនប៉ាឡេស្ទីននឹងមិនអាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបានទេ ក្រោមសំណើរបស់លោកក្នុងការអភិវឌ្ឍតំបន់ហ៊ុមព័ទ្ធដែលត្រូវបានបំផ្លិចបំផ្លាញដោយការវាយលុករបស់អ៊ីស្រាអែលមួយនេះ៕